រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២,៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១,១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន ៦,៦៨៣នាក់ នេះបើយោងតាម
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ទីតាំង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមាន ៖ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ។
នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ONLINE SCAMS ចំនួន ៤០ករណី ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមាន ៖ វៀតណាម ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី ។
ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ច ដឹកនាំដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន ២២នាក់ សិង្ហបុរី០១នាក់ និងខ្មែរ០១នាក់ សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ ទន្ទឹមនេះ វិធានការដែលបាន និងកំពុងអនុវត្តន៍ទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ ៕







ចែករំលែកព័តមាននេះ