ខេត្តកំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ខណដែលជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចលុយជនរងគ្រោះជិត១២០០០ដុល្លារ ក្រោយពេលឃាត់ខ្លួនចោរបានឃើញលុយប្រមាណជាង៥០០០ដុល្លារតែប៉ុណ្ណោះ។
ការឃាត់ខ្លួនជនសង្ស័យជាចោរលួចលុយជិត១២០០០ដុល្លារខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្រល់ ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺមានករណីចោរកម្មលួចទ្រព្យសម្បត្តិមួយបានកើតឡើង (លុយចំនួន១១៨០០ដុល្លារ និងលុយខ្មែរចំនួន៤០០០០០រៀល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ឈ្មោះ យឹម កំសត់ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបកសិករ រស់នៅ ក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានតេទំនាក់ទំនង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ដែលមានលេខ១២៩២ (HoteLine)1292 បានរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថស្រុកថា មានករណី ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ខ្លួនអស់ សរុប(លុយចំនួន១១៨០០ដុល្លារ និងលុយខ្មែរ ចំនួន៤០០០០០រៀល) ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានបន្តឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងកេីតហេតុ បានធ្វេីការឃាត់ខ្លួនជន សង្ស័យម្នាក់មានឈ្មោះ ប្រាក់ ម៉េងលី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ មានស្រុកកំណើត ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងប្រាក់ចំនួន៥៣០០ដុល្លារ (ដែលជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង បានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ