ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១៥ថ្ងៃ សមត្ថកិច្ចចុះឆែកឆេរជាង ២៧០០ទីតាំងសង្ស័យពាក់ព័ន្ធនឹង Online Scams

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២៧០៩​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន​២១១០៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៦៦៨៣​នាក់ ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ រួម​មានៈ អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​ដែរ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស ONLINE SCAMS ចំនួន​៤០​ករណី ដោយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន​២៨៤​នាក់ ក្នុង​នោះ​ស្ត្រី​៣១​នាក់ មក​ពី​១៣​សញ្ជាតិ រួម​មាន ៖ វៀតណាម ចិន មី​យ៉ា​ន់​ម៉ា កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស ឥណ្ឌា ស្រី​លង្កា ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ប៉ា​គី​ស្ថាន និង​សិង្ហ​បុរី ។

ក្នុង​ចំណោម​ករណី​បង្ក្រាប​ខាងលើ​សមត្ថកិច្ច ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​១១​ករណី ដែល​មាន​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជា​ជនជាតិ​ចិន​២២​នាក់ សិង្ហ​បុរី​០១​នាក់ និង​ខ្មែរ​០១​នាក់ សរុប​ទាំងអស់​២៤​នាក់ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧ​ក្រិ​.​ដ្ឋ​ជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ ។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​។ ទន្ទឹម​នេះ វិធានការ​ដែល​បាន និង​កំពុង​អនុវត្តន៍​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ