ខេត្តក្រចេះ ៖ ក្នុងស្មារតីរឹតបន្តឹងការអនុវត្តច្បាប់ និងការពារសម្បត្តិធម្មជាតិឱ្យបានគង់វង្ស ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រតិបត្តិការរយៈពេល២ថ្ងៃជាប់ៗគ្នា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារ ។

ជាក់ស្តែងក្រសួងបរិស្ថានបានប្រកាស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបង្ក្រាបឡធ្យូងខុសច្បាប់១ទីតាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនឹងបន្តតាមដាន និងល្បាតឱ្យបានកាន់តែហ្មត់ចត់បំផុត ដើម្បីលុបបំបាត់រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ និងការបង្កើតឡធ្យូងខុសច្បាប់គ្រប់ទម្រង់ក្នុងតំបន់ការពារ ៕



ចែករំលែកព័តមាននេះ