នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ នេះបើយោងតាមផេកសម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែតបានប្រកាសនាថ្ងៃទី១៩ ខែកុម្ភៈនេះ ។
ក្នុងឱកាសនៃជំនួប ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគីអាមេរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ។
ជាក់ស្ដែងពាណិជ្ជកម្មទ្វេភាគី អាមេរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគី ក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាមេរិក ។
ឆ្លៀតក្នុងឱកាសនេះ ដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការរួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។
សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ។
សម្ដេចធិបតី បានបញ្ជាក់ជូន ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិធីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ។
មុននឹងបញ្ចប់ សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានពិភាក្សាគ្នាផងដែរអំពីវិស័យសក្កានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងដំណោះស្រាយលើបញ្ហាសេសសល់ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរំហូរពាណិជ្ជកម្មទ្វេភាគី និងការធ្វើនិយោគរបស់សហរដ្ឋអាមេរិកមកកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ