ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលធ្វើសកម្មភាពលួចម៉ូតូម៉ាកសង់មួយគ្រឿងចេញពីស្រុកពញាឮ ខេត្ដកណ្ដាល ស៊េរីចាស់ ហើយបានជិះមកដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺប្រទះឃេីញម៉ូតូ ស៊េរីថ្មីជាងក៏ចុះទៅធ្វេីសកម្មភាពលួចយកតែម្ដង។
ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
លោក ជុន សូឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យចោរលួចម៉ូតូខាងលើនេះ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានសហការស្រាវជ្រាវរហូតឃាត់បានមុខសញ្ញាលួចម៉ូតូពីស្រុកពញាឮ ខេត្ដកណ្ដាល ។
លោកវរសេនីយ៍ទោ ជុន សូឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានបន្តឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ដុំ វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យថា ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ (បិទតែមឡើងស៊េរីឆ្នាំ២០២២) ព៌ណខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-8122។ ខ្លួនបានទុកម៉ូតូ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅបាត់ បន្សល់ទុកម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានផ្លាកលេខមួយគ្រឿង។
លោកអធិការនគរបាលក្រុងឧដុង្គម៉ែជ័យបានបន្តទៀតថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នគរបាលស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ (បិទតែមឡើងស៊េរីឆ្នាំ២០២២) ព៌ណខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-8122ពិតប្រាកដមែន។ ហើយម៉ូតូដែលរូបគេ បន្សល់ទុកមួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ គ្មានផ្លាកលេខនោះ គឺជាម៉ូតូដែលរូបខ្លួនបានធ្វើសកម្មភាពលួចបានសម្រេចមកពី ស្រុកពញាឮ ខេត្ដកណ្ដាល និងបានជិះមកដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺប្រទះឃេីញម៉ូតូមួយគ្រឿង ចតចោលទំនង ហើយថ្មីជាងម៉ូតូដែលខ្លួនលួចបាននោះ ក៏ចុះទៅធ្វេីសកម្មភាពលួចយកតែម្ដង ព្យាយាមជិះគេចខ្លួនដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
លោកអធិការនគរបាលក្រុងឧដុង្គម៉ែជ័យបានបញ្ជាក់ថា÷ ដោយបានអនុញ្ញាតសមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យបានធ្វេីការប្រគល់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ (បិទតែមឡើងស៊េរីឆ្នាំ២០២២) និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ គ្មានផ្លាកលេខនោះ ជូនម្ចាស់ដើមយកទៅប្រេីប្រាស់វិញហើយ។ រីឯជនសង្ស័យខាងលើ នគរបាលក្រុងឧដុង្គម៉ែជ័យបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ