ទីក្រុងតេហេរ៉ង់៖ កងទ័ពជើងទឹកអ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ដៃគ្នាបើកសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា ដោយបានអនុវត្តជោគជ័យលើសេណារីយ៉ូនៃការរំដោះនាវាពីក្រុមចោរ និងការវាយលុកសម្របសម្រួលតាមអាកាសនិងផ្ទៃទឹក។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
ប្រតិបត្តិការរួមគ្នានេះត្រូវបានធ្វើឡើងចំពេលដែលស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅខ្លាំង បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហូម៉ូស ជាបណ្ដោះអាសន្ន និងខណៈដែលសហរដ្ឋអាម៉េរិកកំពុងបង្កើនវត្តមានយោធាយ៉ាងសន្ធឹកសន្ធាប់ក្នុងតំបន់។ ការបង្ហាញសមត្ថភាពបញ្ជាការរួមគ្នារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូនៅពេលនេះ មិនត្រឹមតែជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមាននយោបាយដ៏រឹងមាំមួយទៅកាន់លោកខាងលិច អំពីឥទ្ធិពលនៃសម្ព័ន្ធភាពថ្មីនេះ នៅក្នុងដែនទឹកដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក៕


ចែករំលែកព័តមាននេះ