ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ចុះ​អប់រំ​ណែនាំ​សិស្ស ១៦​នាក់ ដែល​គេច​សាលា​ទៅ​ប្រមូលផ្តុំ​គ្នានៅ​ខ្យូស​ស្បូវ

8 ម៉ោង មុន

ខេត្តស្ទឹងត្រែង​ ៖ ​នា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ដឹកនាំ​ដោយលោក ថាវ ប៊ុ​ន​ថេ​ន…

ខេត្តស្ទឹងត្រែង​ ៖ ​នា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ដឹកនាំ​ដោយលោក ថាវ ប៊ុ​ន​ថេ​ន អភិបាលរង​ក្រុង និង​ជា​អនុប្រធាន​គណៈ​បញ្ជាការ​ឯកភាព បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ផ្ទាល់ ដើម្បីត្រួត​ពិនិត្យ និង​ឃាត់ខ្លួន​សិស្សានុសិស្ស​ចំនួន ១៦​នាក់ ដែល​បាន​គេច​សាលា​មក​ប្រមូលផ្តុំ​គ្នា​នៅ​ចំណុច​ខ្យូស​ស្បូវ តាម​បណ្តោយ​ផ្លូវ​ចូល​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី​ ។

យោង​តាម​ការ​សង្កេត និង​សេចក្តីរាយការណ៍ ក្រុម​ក្មេង​ៗ​ទាំងនេះ​មិន​ត្រឹមតែ​បោះបង់​ការ​សិក្សា​នៅ​ក្នុង​ម៉ោង​រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន រួមមានការ​បើកបរ​ម៉ូតូ​ល្បឿន​លឿន និង​បង្ហោះ​ម៉ូតូ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ធ្វើ​ដំណើរ​ដទៃ​។​ ការ​ជក់បារី និង​ការ​ជួបជុំ​គ្នា​មិន​ត្រឹមត្រូវ ដែល​អាច​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​អំពើ​អបាយមុខ​ផ្សេង​ៗ​ទៀត​ ។

ចំពោះ​ការ​សេពគប់​មិត្តភក្តិ​មិនល្អ នាំ​ឱ្យ​បោះបង់​ចោល​ចំណេះដឹង​ ដែល​ជា​ស្ពាន​ចម្លង​ទៅកាន់​អនាគត​។ ​បន្ទាប់​ពី​ការ​ឃាត់ខ្លួន អាជ្ញាធរ​ក្រុង​បាន​ចាត់វិធានការ​ណ៍​ក្តៅ រួម​មានការ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​ការ​ហៅ​មាតាបិតា ឬ​អាណាព្យាបាល​មក​ទទួលស្គាល់​កំហុស និង​ធានា​ដឹង​ឮ ដើម្បី​នាំ​កូនចៅ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ​។

អាជ្ញាធរ​បាន​សង្កត់ធ្ងន់​ថា ការ​អប់រំ​មិនមែន​ជា​ភារកិច្ច​របស់​សាលារៀន ឬ​អាជ្ញាធរ​តែ​ម្នាក់ឯង​នោះ​ទេ វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​មាតាបិតា ក្នុង​ការ​តាមដាន​សកម្មភាព​កូនចៅ​ឱ្យ​បាន​ដិត​ដល់ ដើម្បី​បង្ការ​ពួក​គេ​ពី​ការ​ធ្លាក់​ចូល​ក្នុង​អំពើ​អបាយមុខ ដែល​បំផ្លាញ​ទាំង​សុខភាព អនាគត និង​កិត្តិយស​គ្រួសារ​ ។

ដូច្នេះ​សូម​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់ ចង​ចាំ​ថា “​ចំណេះវិជ្ជា​គឺជា​ទ្រព្យ​ជាប់​ខ្លួន​ដែល​គ្មាន​នរណា​លួច​បាន​”​។ ការ​សប្បាយ​ក្នុង​វ័យ​សិក្សា​ដោយ​ការ​បំពាន​ច្បាប់ និង​គេច​សាលា គឺជា​ការ​បំផ្លាញ​ខ្លួនឯង​។ សូម​ងាក​មក​ខិតខំ​រៀនសូត្រ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ