ទីក្រុងវ៉ាស៊ីនតោន៖ មើលទៅ អ៊ីរ៉ង់ និងអាមេរិកប្រហែលជាគេចមិនផុតពីផ្ទុះសង្គ្រាមជាមួយគ្នានោះទេបើសិនចរចាគ្នាបានត្រឹមតែចរចា ប៉ុន្តែគ្មានលទ្ធផលដូចករណីម្សិលមិញ និងករណីមុនៗ។ មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់លួចបង្ហើបប្រាប់អ្នកសារព័ត៌មានថាអាមេរិកត្រៀមខ្លួនរួចរាល់អស់ហើយដើម្បីវាយប្រហារអ៊ីរ៉ង់។ ពោលគឺរង់ចាំតែបញ្ជាពីលោកត្រាំប៉ុណ្ណោះក្នុងនាមជាអគ្គបញ្ជាការកងទ័ព។

ប្រភពដដែលប្រាប់ទៀតថាលោកត្រាំកំពុងតែថ្លឹងថ្លែងមើលជម្រើសដែលមាននៅលើតុ។ មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិបានជម្រាបជូនលោកត្រាំថាចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ យោធាអាមេរិកអាចចាប់ផ្ដើមវាយប្រហារអ៊ីរ៉ង់បានហើយព្រោះអាវុធយុទ្ធភ័ណ្ឌ នាវាចម្បាំង យន្តហោះ និងការបោះទីតាំងទ័ពបានរៀបចំរៀបរយអស់ហើយរង់ចាំតែបញ្ជាប៉ុណ្ណោះ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានជាច្រើន។

រហូតមកដល់ពេលនេះ លោកត្រាំមិនទាន់សម្រេចចិត្តនៅវគ្គផ្ដាច់ព្រ័ត្រថាត្រូវប្រើវិធានការយោធានៅឡើយទេ។ លោកកំពុងពិគ្រោះគ្នាជាមួយទីប្រឹក្សាកំពូលៗរបស់លោក។ ទន្ទឹមនឹងនោះ សេតវិមានកំពុងស្ទាបស្ទង់សភាពការណ៍ដើម្បីចង់ដឹងថាបើសិនផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់តើសង្គ្រាមនេះអាចនឹងរីករាលដាលដល់កម្រិតណានៅក្នុងតំបន់។ ការបំផ្លោងវោហារសាស្ត្រដាក់គ្នាមានសភាពខ្លាំងក្លាសម្បើមណាស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) កាលពីថ្ងៃពុធថាបើសិនអ៊ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងទេ អាមេរិកត្រូវបើកប្រតិបត្តិការសឹកចេញពីមូលដ្ឋានទ័ពជើងទឹកឌីហ្គោ ហ្កាសៀ (Diego Garcia) (នៅមហាសមុទ្រឥណ្ឌា) និងប្រើប្រាស់មូលដ្ឋានទ័ពអាកាសនៅហ្វ៊ែហ្វត (Fairford) នៅក្នុងអ្វីដែលលោកហៅថាជាការជីកឱ្យដល់ឫសគល់នូវលទ្ធភាពនៃការវាយប្រហារពីសំណាក់របបដែលគ្មានស្ថិរភាព និងដ៏គ្រោះថ្នាក់។

លោកត្រាំចាប់ផ្ដើមអស់ចិត្តអស់ចង់នឹងការចរចាគ្នាជាមួយអ៊ីរ៉ង់។ ទោះបីអ្នកនៅជុំវិញខ្លួនគាត់យល់ថាមិនគួរផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ប៉ុន្តែចំណាត់ការយោធាអាចនឹងកើតឡើងនៅអំឡុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះជាអ្វីដែលទីប្រឹក្សារបស់លោកត្រាំថ្លែងប្រាប់គេហទំព័រអាក់សឺស (Axios)។ បើអាមេរិកវាយប្រហារលើកនេះប្រហែលជាត្រូវស៊ីពេលជាច្រើនសប្ដាហ៍ និងមានទ្រង់ទ្រាយធំព្រោះអ៊ីស្រាអែលក៏នឹងចូលរួមផងដែរ។

ប្រភពដែលដឹងកិច្ចការផ្ទៃក្នុងបានប្រាប់អ្នកសារព័ត៌មានថារដ្ឋបាលរបស់លោកត្រាំកំពុងតែខិតទៅរកសង្គ្រាមខ្លាំងជាងអ្វីដែលពលរដ្ឋអាមេរិកាំងភាគច្រើនកំពុងគិត។ ប៉ុន្មានថ្ងៃទៀត នាវាដឹកយន្តហោះយូអែសអែស ជើរ៉លហ្វត (USS Gerald Ford) នឹងទៅដល់សមុទ្រមេឌីទែរ៉ាណេខាងកើត។ ដល់ពេលនោះ គេអាចដឹងថាតើការវាយប្រហារនឹងចាប់ផ្ដើមនៅពេលណា។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអាមេរិក៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ