ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ យូន​ស៊ុក​យូល​ ត្រូវ​តុលាការ​កា.ត់​ទោស​ដាក់​ពន្ធ​នា​គារ​មួយ​ជីវិត

1 នាទី មុន

ទី​ក្រុង​សេអ៊ូល៖ ​អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត​ពី​បទ​បះ​បោរ​ប្រឆាំង​នឹង​​រដ្ឋ​អំណាច​។ ការ​កាត់​ទោស​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​លោក​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤​រយៈ​ពេល​៦​ម៉ោង​។ កាល​នោះ កង​ទ័ព​បាន​ដាក់​កម្លាំង​ហ៊ុម​ព័ទ្ធ​វិមាន​រដ្ឋ​សភា​ជា​ច្រើន​ម៉ោង​។ ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​ខ្លះ​នៅ​តែ​ជម្នះ​ចិត្ត​ចូល​ទៅ​ខាង​ក្នុង​រដ្ឋ​សភា​​ឲ្យ​បាន​ដើម្បី​កោះ​ប្រជុំ​បន្ទាន់​ប្រឆាំង​នឹង​ច្បាប់​អាជ្ញា​សឹក​។​ តុលា​ការ​សាលា​​ដំបូង​ទី​ក្រុង​សេអ៊ូល​សម្រេច​ផ្ដ​ន្ទា​ទោស​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​ប្ដឹង​…

ទី​ក្រុង​សេអ៊ូល៖ ​អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត​ពី​បទ​បះ​បោរ​ប្រឆាំង​នឹង​​រដ្ឋ​អំណាច​។ ការ​កាត់​ទោស​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​លោក​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤​រយៈ​ពេល​៦​ម៉ោង​។ កាល​នោះ កង​ទ័ព​បាន​ដាក់​កម្លាំង​ហ៊ុម​ព័ទ្ធ​វិមាន​រដ្ឋ​សភា​ជា​ច្រើន​ម៉ោង​។ ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​ខ្លះ​នៅ​តែ​ជម្នះ​ចិត្ត​ចូល​ទៅ​ខាង​ក្នុង​រដ្ឋ​សភា​​ឲ្យ​បាន​ដើម្បី​កោះ​ប្រជុំ​បន្ទាន់​ប្រឆាំង​នឹង​ច្បាប់​អាជ្ញា​សឹក​។​

តុលា​ការ​សាលា​​ដំបូង​ទី​ក្រុង​សេអ៊ូល​សម្រេច​ផ្ដ​ន្ទា​ទោស​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​ប្ដឹង​ និង​ស្នើ​សុំ​ឱ្យ​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត​។ រដ្ឋ​អាជ្ញា​អះ​អាង​ថា​​លោក​យូន​ស៊ុក​យូល​បាន​រំលោភ​ធ្ងន់​ធ្ងរ​បំផុត​ទៅ​លើ​សណ្ដាប់​ធ្នាប់​របស់​ប្រទេស​ជាតិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​។ រដ្ឋ​អាជ្ញា​ថា​លោក​យូន​បាន​ចល័ត​កង​ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ដាក់​បារ៉ាស់​នៅ​តាម​ផ្លូវ និង​ហ៊ុម​ព័ទ្ធ​បរិ​វេណ​រដ្ឋ​សភា​។ ទង្វើ​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ជា​អំពើ​បះ​បោរ​ប្រឆាំង​នឹង​សណ្ដាប់​ធ្នាប់​របស់​ប្រទេស​ជាតិ​។

ថ្ងៃ​នេះ គេ​ឃើញ​លោក​យូន​ស៊ុក​យូល​ធ្វើ​ដំណើរ​ទៅ​ដល់​បន្ទប់​សវនា​ការ​នៅ​ក្នុង​សំលៀក​បំពាក់​អាវ​ខៀវ​ក្រមៅ​។ មួយ​ម៉ោង​ក្រោយ​មក​ តុលាការ​ក៏​ប្រកាស​សេចក្ដី​សម្រេច​។ អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​បះ​បោរ​ និង​ដែល​បាន​ចូល​ដៃ​ជា​មួយ​លោក​យូន​ស៊ុក​យូល​នៅ​ពេល​នោះ​ត្រូវ​តុលាការ​កាត់​ទោស​ និង​ត្រៀម​កាត់​ទោស​ជា​បន្ត​បន្ទាប់​។ លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​កាល​នោះ​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២៣​ឆ្នាំ​។ អតីត​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ត្រូវ​ជាប់​ពន្ធ​នា​គារ​៧​ឆ្នាំ​។

​ក្រោយ​ការ​កាត់​ទោស​នេះ លោក​យូន​ស៊ុក​យូល​​​មាន​សិទ្ធិ​ប្ដឹង​ទាស់​ទៅ​​សាលា​ឧទ្ធរណ៍​ទៀត​។ លោក​យូន​អះ​អាង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ លោក​ថា​មូល​ហេតុ​ដែល​លោក​ប្រកាស​ច្បាប់​អាជ្ញា​សឹក​​ព្រោះ​ចង់​ទប់​ទល់​នឹង​ក្រុម​ដែល​មាន​សមាន​ចិត្ត​ចំពោះ​កូរ៉េ​ខាង​ជើង​ និង​ដែល​ព្យាយាម​ធ្វើ​ឱ្យ​របប​ដឹក​នាំ​របស់​លោក​ជាប់​គាំង​។ ​ក្នុង​នាម​ជា​អតី​ត​រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ធ្លាប់​ហែល​ឆ្លង​ស្ថាន​ភាព​ពិបាក​ៗ​ជា​ច្រើន​។

លោក​ធ្លាប់​សន្យា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ឱ្យ​រីក​ចម្រើន​ក្រោយ​ការ​ចាក​ផុត​ពី​ជំងឺ​កូវីដ១៩ ហើយ​លោក​ក៏​ប្រកាន់​ជំហរ​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​មុខ​នៃ​ការ​គំរាម​កំហែងផ្នែក​អាវុធ​នុយ​ក្លេ​អ៊ែរ​​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ផង​ដែរ​។ ប៉ុន្តែ​នយោបាយ​របស់​លោក​ដើរ​ខុស​តែ១​​ជំហាន​ (ប្រកាស​ច្បាប់​អាជ្ញា​សឹក) ធ្វើ​​ឱ្យ​លោក​ធ្លាក់ទឹក​ងើប​មុខ​លែង​រួច​៕ ប្រភព​៖ រ៉យ​ទ័រ និង​ប្រភព​ដទៃទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ