ថ្មីៗនេះ អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាននីកេ អេស៊ា (Nikkei Asia) បានចុះទៅដល់ទីតាំងប្រាសាទព្រះវិហារដើម្បីពិនិត្យមើលសភាពការណ៍ក្រោយពេលមានបទឈប់បាញ់រវាងថៃ និងកម្ពុជា។ សារព័ត៌មានដដែលទទួលស្គាល់ថាតួ និងជញ្ជាំងប្រាសាទពិតជាមានស្នាមធ្លុះធ្លាយជាច្រើនដោយសារអំបែងគ្រាប់កាំភ្លើងធំ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ។ ខាងក្រោមនេះជាការដកស្រង់យកចំណុចសំខាន់ៗចេញពីអត្ថបទដើមមកចុះផ្សាយមានសេចក្ដីដូចតទៅ។
រាយការណ៍ពីខេត្តព្រះវិហារ៖ ការប៉ះទង្គិចគ្នារយៈពេលបីសប្ដាហ៍រវាងថៃ និងកម្ពុជាកាលពីខែធ្នូបណ្ដាលឱ្យខឿនថ្មខាងក្រោមព្រះបាទរបស់ព្រះសិវៈខូចខាត។ ប៉ុន្តែរូបព្រះសិវៈនៅគង់វង្សដដែល។ សំណង់មានសភាពទ្រុឌទ្រោមណាស់ អាចនឹងដួលរលំនៅពេលណាមួយ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ផ្នែកអភិរក្សប្រាសាទ។ ប្រាសាទព្រះវិហារជាទីតាំងសក្ការៈដែលសាងសង់កាលពីសតវត្សទី១២។ ទីនេះបានទាក់ទាញអ្នកធ្វើធម្មយាត្រា និងអ្នកទេសចរជាច្រើនឱ្យមកទស្សនា។
ប្រាសាទនេះប្រៀបបាននឹងរតនវត្ថុដ៏មានតម្លៃនៅក្នុងចំណោមប្រាសាទចំនួនបីគឺព្រះវិហារ តាមាន់ និងតាក្របី។ កាលពីឆ្នាំមុន មានការផ្ទុះអាវុធដ៏ខ្លាំងក្លាតាមបណ្ដោយព្រំដែននៃប្រទេសទាំង២។ នៅក្នុងការធ្វើដំណើរចុះទៅទីតាំងកើតហេតុជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ សារព័ត៌មាននីកេ អេស៊ា (Nikkei Asia) របស់ជប៉ុនរកឃើញថាប្រាសាទព្រះវិហារមួយភាគធំក្លាយជាគំនរបាក់បែក។ ជញ្ជាំងប្រាសាទដែលថ្វីដ្បិតមិនបាក់រលំទាំងស្រុង ប៉ុន្តែមានសុទ្ធតែស្នាមអំបែងគ្រាប់។
គេឃើញគ្រាប់ដែលមិនទាន់ផ្ទុះរាប់សិបនៅរាយប៉ាយលើទីតាំងដែលមន្ត្រីកម្ពុជាអះអាងថាត្រូវការពេលរាប់ឆ្នាំដើម្បីជួសជុលឡើងវិញ។ ប្រាសាទព្រះវិហារសាងសង់ឡើងកាលពីអំឡុងសតវត្សទី១១ និងទី១២ ជាដំបូងជាប្រាសាទតាមបែបហិណ្ឌូ ហើយក្រោយមកបម្លែងទៅជាការគោរពបូជាតាមបែបព្រះពុទ្ធសាសនាវិញ។ ប្រាសាទនេះស្ថិតនៅលើទឹកដីកម្ពុជាជិតកន្លះគីឡូម៉ែត្រពីព្រំដែន ហើយបានក្លាយជានិមិត្តរូបនៃជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។
ជម្លោះនេះមានប្រវត្តិថយក្រោយទៅរករយៈពេលជាងមួយរយឆ្នាំមុន នៅពេលច្រកផ្លូវព្រំដែនត្រូវបានមើលការខុសត្រូវដោយបារាំងដែលជាប្រទេសមហាអំណាចខាងអាណានិគមកាលសម័យនោះ។ ប្រាសាទព្រះវិហារក្លាយជាចំណុចដែលគេចាប់អារម្មណ៍ខ្លាំងកាលពីចុងទសវត្សទី៥០នៅពេលកម្ពុជាដាក់ពាក្យប្ដឹងទៅតុលាការទីក្រុងឡាអេដើម្បីទាមទារយុត្តិធម៌ព្រោះថៃបានចូលកាន់កាប់តំបន់ក្បែរខាងប្រាសាទទាំងខុសច្បាប់។ តុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ (ICJ) ក៏សម្រេចនៅឆ្នាំ១៩៦២ថាប្រាសាទព្រះវិហារគឺជារបស់ខ្មែរ។
សំណុំរឿងនេះត្រូវបានបើកកកាយឡើងវិញកាលពីឆ្នាំ២០០៨នៅពេលថៃ និងកម្ពុជាចាប់ផ្ដើមមានភាពតានតឹងនឹងគ្នាជាថ្មី។ លើកនេះអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ចំណាត់ការនេះធ្វើឱ្យសហគមន៍អន្តរជាតិគាំទ្រ និងមានអ្នកទេសចរសម្រុកទៅលេងប្រាសាទព្រះវិហារយ៉ាងភ្លូកទឹកភ្លូកដី។ ប្រាំឆ្នាំក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបញ្ជាក់ជាថ្មីថាប្រាសាទព្រះវិហារជារបស់ខ្មែរ។
ប្រាសាទព្រះវិហារធ្លាប់ទទួលរងការខូចខាតដោយសារការប៉ះទង្គិចគ្នាកាលពីអតីតកាល ពោលគឺដោយសារសង្គ្រាមស៊ីវិលផង និងដោយការប៉ះទង្គិចតាមព្រំដែនកាលពីឆ្នាំ២០០៨, ២០១១ និង២០២៥។ ក្រោយជម្លោះខែកក្កដា ឆ្នាំ២០២៥ កន្លែងជាច្រើននៅរក្សាភិនភាគដដែល។ ប៉ុន្តែចាប់តាំងពីខែធ្នូមកមានការប្រែប្រួលជាច្រើន។ ក្រោយការប៉ះទង្គិចខែកក្កដា អាជ្ញាធរកម្ពុជារកឃើញស្នាមខូចខាតដោយអំបែងគ្រាប់ចំនួន១៤៧កន្លែង។ ក្រោយការប៉ះទង្គិចខែធ្នូ រកឃើញស្នាមខូចខាតជាង៤០០កន្លែងថែមទៀត។
គេអាចមើលពីប្រាសាទព្រះវិហារឃើញថៃកំពុងសាងសង់ផ្លូវមិនយូរប៉ុន្មានបន្ទាប់ពីមានបទឈប់បាញ់។ មន្ត្រីផ្នែកដោះមីនម្នាក់ប្រាប់ថាថៃត្រូវតែទទួលខុសត្រូវចំពោះការខូចខាតប្រាសាទព្រះវិហារ។ ស៊ីម៉ាក់បានហ៊ុមព័ទ្ធខ្សែនៅត្រង់ម្ដុំដែលមានគំនរបាក់បែកដោយសារបំបែងគ្រាប់ ឬគ្រាប់បែករបស់ទាហានថៃដើម្បីបង្ហាញប្រាប់ទៅយូណេស្កូ និងភាគីពាក់ព័ន្ធដទៃទៀតថាតើទីតាំងណាខ្លះនៃប្រាសាទដែលរងការខូចខាត។ កន្លែងខ្លះដាក់សញ្ញាសម្គាល់១០៥មិល្លីម៉ែត្រ និងខ្លះទៀត១៥៥មិល្លីម៉ែត្រ។ ទីតាំងខ្លះដាក់សញ្ញាសម្គាល់ថាគ្រាប់មិនទាន់ផ្ទុះ។
នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថ្មីៗនេះ សម្ដេចបវរធិបតីហ៊ុនម៉ាណែត មានប្រសាសន៍ថាកងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីខ្មែរទោះបីមានបទឈប់បាញ់ដែលជួយសម្របសម្រួលដោយលោកដូណាល់ត្រាំយ៉ាងណាក្ដី។ សម្ដេចសូមអំពាវនាវទៅភាគីថៃត្រូវអនុញ្ញាតឱ្យគណៈកម្មការកិច្ចការព្រំដែនចាប់ផ្ដើមចុះបំពេញការងារនៅតំបន់មានជម្លោះ។ កាលពីសប្ដាហ៍មុន សម្ដេចបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្ដួចផ្ដើមបង្កើតឡើងដោយលោកត្រាំ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សានេះនឹងជួយបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន៕ ប្រភព៖ នីកេ អេស៊ា (Nikkei Asia) និងរ៉យទ័រ (Reuters)
ចែករំលែកព័តមាននេះ