រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿងបានបើកឆ្លងផ្លូវក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស១គ្រឿងទៀតដែលកំពុងបើកបរតាមផ្លូវត្រង់ពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសនោះខ្ទេច១ចំហៀងខាងឆ្វេងទាំងស្រុង និងបណ្ដាលឲ្យបុរសជនជតិចិនម្នាក់ ដែលជាអ្នកបើកបររថន្តព្រូសខាងលើនោះរងរបួសធ្ងន់ ផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើង នៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តកុងតឺន័រ១គ្រឿងដែលបង្កគ្រោះថ្នាក់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3G-0409 អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយឡែករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ទឹកប៊ិចខ្ចី ពាក់ស្លាកលេខរតនគីរី 2C-9909 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ។
សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុបុរសជនជាតិចិនរងគ្រោះម្នាក់នោះបានបើកបររថយន្តម៉ាកតូយ៉ូតាព្រូសពណ៍ទឹកប៊ិចខ្ចី ពាក់ស្លាកលេខរតនគីរី2C-9909 ត្រលប់មកពីផ្សារដើមគរ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រ១គ្រឿងខាងលើ បានបើកបរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិដៅពីត្បូងទៅជើងលឿនគួរសម ជ្រុលទៅបុកពេញទំហឹងខ្ទាតជិត១០ម៉ែត្រនិងវិល១ជុំបែរមុខទៅទិសខាងកើតវិញស្ទើរតែធ្លាក់ចូលប្រឡាយទឹករងការខូចខាតខ្ទេច១ចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង ។
សមត្ថកិច្ចបានប្រាប់បន្តថា ដោយឡែកបុរសជនជាតិចិនដែលជាអ្នកបើកបររថយន្តព្រូសបានរងរបួសធ្ងន់ធ្ងរ ហើយរថយន្តកុងតឺន័ររងការខូចខាតក្រពិតផុងកាងនិងបែកចង្កៀងមុខខាងឆ្វេង រីឯអ្នកបើកបររត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ក្រោយពេលកើតហេតុបុរសជនជាតិចិនដែលរងរបួសនោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕




ចែករំលែកព័តមាននេះ