ទីក្រុងតូក្យូ៖ លោកស្រីតាកាអ៊ីឈិ (Takaichi) ត្រូវរដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅអាណត្តិថ្មី។ នៅក្នុងការកោះប្រជុំវិសាមញ្ញរបស់ខ្លួននៅរសៀលនេះ រដ្ឋសភា និងព្រឹទ្ធសភារៀបចំការបោះឆ្នោតដាច់ដោយឡែកពីគ្នាដើម្បីផ្ដល់សេចក្ដីទុកចិត្តលើបេក្ខភាពលោកស្រីតាកាអ៊ីឈិ និងបេក្ខជនមកពីគណបក្សផ្សេង។
នៅក្នុងរដ្ឋសភា លោកស្រីទទួលបាន៣៥៤សំឡេងគាំទ្រ ដោយបានយកឈ្នះលើបេក្ខជនរបស់ «គណបក្សសម្ព័ន្ធកំណែទម្រង់កណ្ដាលនិយម» និងបេក្ខជនដទៃទៀត។ ក្រោយមក ព្រឹទ្ធសភារៀបចំការបោះឆ្នោតវិញម្ដង។ នៅវគ្គជម្រុះជុំទីមួយ គ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគ្រប់គ្រាន់ទេ។ ដូច្នេះត្រូវបោះឆ្នោតជម្រុះជុំទីពីរ។ ពេលនោះ លោកស្រីតាកាអ៊ីឈិទទួលបាន១២៥សំឡេងគាំទ្រ ចំណែកបេក្ខជនម្នាក់ទៀតទទួលបាន៦៥សំឡេង។ ដូច្នេះតំណែងនាយករដ្ឋមន្ត្រីត្រូវធ្លាក់ទៅលើលោកស្រីតាកាអ៊ិឈិ។
នៅក្នុងឱកាសនោះ រដ្ឋសភាបានបោះឆ្នោតតែងតាំងលោកអេស៊ូកេ ម៉ូរី (Eisuke Mori) ជាប្រធានរដ្ឋសភា។ លោកជាអ្នកតំណាងរាស្ត្រជើងចាស់ និងធ្លាប់ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកស្រីតាកាអ៊ីឈិ និងសមាជិកគណៈរដ្ឋមន្ត្រីបានលាលែងពីតំណែងកាលពីព្រឹកមិញដើម្បីទទួលបានសុពលភាពនៅអាណត្តិថ្មីស្របតាមបទបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញ។
ក្រោយពេលទទួលបានការទុកចិត្តពីសភា លោកស្រីតាកាអ៊ីឈិនឹងជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រី។ គេរំពឹងថាគណៈរដ្ឋមន្ត្រីចាស់នឹងរក្សាតំណែងដដែលគ្រប់ៗគ្នា។ ឥឡូវនេះ បញ្ហានៅចំពោះមុខដែលលោកស្រីតាកាអ៊ីឈិសន្យាថាធ្វើឱ្យបានគឺការដាក់សំណើទៅរដ្ឋសភាដើម្បីអនុម័តកញ្ចប់ថវិកាប្រើប្រាស់នៅក្នុងឆ្នាំ២០២៦, ការព្យួរទុកពន្ធលើស្បៀងអាហាររយៈពេល២ឆ្នាំ, ការបង្កើតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងបញ្ហាដទៃទៀត៕ ប្រភព៖ ក្យូដូ (Kyodo) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ