ខេត្តកំពង់ស្ពឺ ៖ កូនប្រុសចិត្តខ្មៅម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន ខណៈដែលកូនប្រុសសុំលុយម្តាយចំនួន១០០រៀលមិនបាន និងទាស់ពាក្យសម្តីជាមួយម្តាយឪពុកស្តីបន្ទោស កើតចិត្តខឹងក៏ទៅទាញកាំបិតផ្គាក់គំរាមសម្លាប់លោកមានគុណទាំងពីរនាក់ ដោយទ្រាំនូវទង្វើ និងការគំរាមកំហែងមិនបាន ក៏ដាច់ចិត្តប្តឹងនគរបាលអន្តរាគមន៍តែម្តង ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួន កូនប្រុសចិត្តខ្មៅទាញកាំបិតផ្គាក់គំរាមសម្លាប់លោកឪពុកអ្នកម្តាយបានកើតឡើង កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ ប៉ុក ពេជ្រ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងទៅលើឈ្មោះ ពត សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនបង្កើត ករណីហិង្សាក្នុងគ្រួសារទាញកាំបិតគំរាមសម្លាប់ឪពុកម្តាយ ។

នគរបាលស្រុកសំរោងទងបានបន្តថា តាមការរៀបរាប់របស់ឪពុកឈ្មោះ ប៉ុក ពេជ្រ បានរៀបរាប់ថា មុនកើតហេតុ វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ ពត សារ៉ាត កូនប្រុសបង្កើត បានសុំលុយម្តាយចំនួន១០០រៀល និងបានទាស់ពាក្យសម្តីជាមួយម្តាយឈ្មោះ អ៊ឹម ថោង អាយុ៦៧ឆ្នាំ បន្ទាប់មក ឪពុកបានឮក៏និយាយណែនាំលើកូន ស្រាប់តែកូនប្រុសបានស្ទុះទៅទាញ និងកាន់កាំបិតផ្គាក់ គំរាមកាប់សម្លាប់លើលោកឪពុកនិងអ្នកម្តាយរបស់ខ្លួន ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីឪពុក នៅវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៦ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវល្លិសរ បានឃាត់ខ្លួនឈ្មោះ ពត សារ៉ាត់ ជាកូនប្រុស មកសាកសួរករណីខាងលើ ។ កូនប្រុសបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានកាន់កាំបិតផ្គាក់គំរាមកាប់ឪពុករបស់ខ្លួនពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួនកូនប្រុសខាងលើ ដកហូតវត្ថុតាង កាំបិតផ្គាក់ចំនួន១ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ