រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ១,០០០,០០០ ដុល្លារអាម៉េរិកដល់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីអនុវត្តគម្រោងគាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ។
គម្រោងនេះមានឈ្មោះថា «គម្រោងសម្របសម្រួលឆ្លើយតបសម្រាប់ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកកម្ពុជាវិញ តាមរយៈសមាហរណកម្មការងារ គន្លងជំនាញ និងប្រព័ន្ធបញ្ជូនបន្ត» ដែលមានគោលបំណងសំខាន់ក្នុងការបង្កើត និងកែលម្អមជ្ឈមណ្ឌលការងារនៅក្នុងខេត្តចំនួនបី រួមមានខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តាមរយៈមជ្ឈមណ្ឌលទាំងនេះ ពលករទេសន្តរប្រវេសន៍កម្ពុជាដែលបានវិលត្រឡប់មកពីប្រទេសថៃវិញដោយសារបញ្ហាជម្លោះព្រំដែន នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្រក្នុងការស្វែងរកការងារធ្វើ។
លើសពីនេះ គម្រោងក៏មានបំណងជួយស្តារឡើងវិញនូវមុខរបរចិញ្ចឹមជីវិតរបស់ពួកគេឱ្យមានស្ថិរភាព និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ពលករ រួមទាំងក្រុមគ្រួសារឱ្យមានភាពប្រសើរជាងមុន។ ជារួមគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយវិសមភាពក្នុងចំណោមប្រជាពលរដ្ឋងាយរងគ្រោះនៅកម្ពុជា ព្រមទាំងជួយលើកកម្ពស់កម្លាំងពលកម្មជំនាញឱ្យកាន់តែរីកចម្រើន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណចំពោះ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឱ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕
ចែករំលែកព័តមាននេះ