ខេត្តមណ្ឌលគិរី ៖ ស្ត្រីអានាថាត្រូវបានអ្នកភូមិប្រទះឃើញសម្រាលកូនម្នាក់ឯងយ៉ាងអាណោចអាធ័ម នៅកម្ពោធព្រៃមួយកន្លែង តាមបណ្តោយផ្លូវក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានអាជ្ញាធរហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ។

លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីអាជ្ញាធរសង្កាត់រមនា លោកស្រីបានដឹកនាំក្រុមការងារចុះទៅជួប សាកសួរសុខទុក្ខ និងសួរនាំពីព័ត៌មានានារបស់ស្ត្រីខាងលើ ។ តែនៅពេលក្រុមការងារសួរនាំទៅគាត់ ស្ត្រីរូបនេះហាក់មិនមានស្មារតីគ្រប់គ្រាន់ឡើយ ដែលធ្វើឲ្យមន្ត្រីជំនាញ មិនអាចស្វែងរកព័ត៌មានណាមួយពីស្ថានភាពគ្រួសារគាត់បានទេ ។

លោកស្រី ម៉ាលី សុខនី បានបន្តថា ដោយពិបាកទំនាក់ទំនងក្នុងការសួរនាំអំពីអត្តសញ្ញាណ ក្រុមការងារលោកស្រីក៏បានផ្តល់ជាថវិកាជួយដល់ក្រុមការងារដែលបម្រើការងារក្នុងមន្ទីរពេទ្យ ដើម្បីផ្គត់ផ្គង់បាយទឹកដល់ស្ត្រីខាងលើ និងជួយការចំណាយបឋមដល់ទារកដែលកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ព្រោះតែស្ថានភាពសុខភាពមិនល្អប្រសើរឡើយ ។

លោក ភី ងូក ចៅសង្កាត់រមនាបានឲ្យដឹងដែរថា ស្ត្រីដែលសម្រាលកូនម្នាក់ឯងតាមផ្លូវខាងលើ មិនមែនជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទេ ដោយគេឃើញប្រទះឃើញគាត់ ដើរទៅមកក្នុងភូមិមួយរយៈពេលប៉ុន្មានថ្ងៃនេះ។ ស្រាប់តែនៅព្រឹកថ្ងៃទី១៨ ក៏មានអ្នកឃើញគាត់ដេកសម្រាកកូនតែម្នាក់ឯងនៅជិតអនុស្ថានីយអគ្គិសនីភូមិពូត្រុំ ។ ហើយអាជ្ញាធរក៏អន្តរាគមន៍រករថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែម្តង។

លោក នូរ សុមេធា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គេនៅមិនទាន់ឃើញមានក្រុមគ្រួសារ ឬសាច់ញាតិស្ត្រីសម្រាលកូនម្នាក់ឯង មកទទួលឬសួរសុខទុក្ខឡើយ ។ ហើយក្រុមគ្រូពេទ្យកំពុងបន្តពិនិត្យព្យាបាលជូនគាត់និងកូនតូច ដ្បិតស្ថានភាពពួកគេ គឺមានជំងឺប្រចាំកាយ ចំណែកទារិកាដែលទើបកើត ក៏មានជំងឺឆ្លងពីម្តាយព្រមទាំងសុខភាពមិនល្អទៀតផង។

ទោះជាយ៉ាងណា ក្រោយទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យ និងមន្ទីរកិច្ចការនារីខេត្ត ស្ត្រីនិងកូនតូច ត្រូវបានថែទាំដូចបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈគេមិនបានដឹងថា គាត់មានលំនៅឋាន ឬស្រុកកំណើតនៅឯណាឡើយ។

បើសិនសាច់ញាតិ ឬក្រុមគ្រួសារបានឃើញព័ត៌មាននេះ សូមទំនាក់ទំនងទៅអាជ្ញាធរខេត្តមណ្ឌលគិរី ឬទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីទទួលគាត់ទៅមើលការខុសត្រូវ ៕
ចែករំលែកព័តមាននេះ