ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាត៖ ការការពារទឹកដី និងសិទ្ធិប្រជាពលរដ្ឋ ជាអាទិ​ភាពខ្ពស់បំផុតចំពោះមុខការរំលោភបំពានពីភាគីថៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​ប្រឆាំង​នឹង​សកម្ម​ភាព​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ គឺ​ជា​ភស្តុ​តាង​ដែល​មាន​តម្លៃ​ផ្នែក​គតិ​យុ​ត្ត​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​ប្រឆាំង​នឹង​សកម្ម​ភាព​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ គឺ​ជា​ភស្តុ​តាង​ដែល​មាន​តម្លៃ​ផ្នែក​គតិ​យុ​ត្ត​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ​។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២៦​ ថា តើ​សកម្មភាព​របស់​យោធា​ថៃ​ដែល​បាន​ធ្វើ​ក្នុង​ទីតាំង​ដែល​ខ្លួន​ដណ្តើម​​កាន់កាប់​ទឹកដី​កម្ពុជា ​ដោយ​កម្លាំងយោធា ខុស​នឹង​ច្បាប់​អន្តរជាតិ​ដូច​ម្តេច​ខ្លះ? តើ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​អ្វីខ្លះ​ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ​របស់​ខ្លួន?

អ្នកនាំពាក្យ​បាន​បន្ត​ថា​ ការ​ចូល​កាន់កាប់​ទឹកដី​នៃ​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ប្រើ​កម្លាំងយោធា គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ធម្មនុញ្ញ​អាស៊ាន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ ។ ចំណែកឯ​ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ការ​លួច​ទ្រព្យសម្បត្តិ​ជន​ស៊ី​វិល និង​ការ​រារាំង​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​វិញ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​បទ​ប្បញ្ញត្តិ​​នានា​នៃ​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​, កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ICESCR) កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​(ICCPR) អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​(CRC)1) អនុសញ្ញា​ស្តី​ពី​​សិទ្ធិ​ជន​មាន​ពិការ​ភាព​(CRPD) អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​(CEDAW) និង​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ និង​​អនុសញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩០៧ ជាដើម​។

ឯកឧត្តម​ថា​ ច្បាប់​អន្តរជាតិ​ទាំង​អស់នេះ បាន​ហាមប្រាម​ការ​ចូល​កាន់កាប់​ទឹកដី​នៃ​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ប្រើ​កម្លាំង និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​ត្រូវ​មាន​លំនៅ​ឋាន​សមរម្យ និង​ចៀស​ផុត​ពី​ការ​ជ្រៀតជ្រែក​លើ​លំនៅ​ឋាន និង​ការ​រឹបអូស​ឬ​លួច​ប្លន់​យក​ទ្រព្យសម្បត្តិ​ឯកជន​ពី​បុគ្គល ឬ​ក្រុម​ណាមួយ​ ។

ប៉ុន្តែ ភាគី​ថៃ​បាន​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ទាំងនេះ  ហើយ​បាន​និង​កំពុង​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ចំពោះ​ជនភៀសសឹក​កម្ពុជា ជា​ពិសេស​ស្ត្រី កុមារ ជន​ចាស់ជរា អ្នកជំងឺ និង​ជន​មាន​ពិការ​ភាព ដែល​ជា​ក្រុម​ជន​ងាយ​រង​គ្រោះ​ស្រាប់​ ។ ពួក​គេ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ដូច​ជា ភាព​ក្រីក្រ ការ​បាត់បង់​ការ​សិក្សា បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ព្រមទាំង​បាត់​បង់​​ឱកាស​ទទួល​បាន​សេវា​ចាំបាច់​ផ្សេង​ៗ​ទៀត​ ។

ចំពោះ​មុខការ​រំលោភ​បំពាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​បន្តបន្ទាប់​ដោយ​បាន​សម្តែង​នូវ​ការ​ប្រឆាំង​​ជំទាស់​យ៉ាង​ខ្លាំង ​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​នូវ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង ​ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ពង្រឹង​ការ​គ្រប់គ្រង​យោធា ឬ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង និង​រារាំង​ដល់​ការ​វិល​ត្រឡប់​របស់​ជន​ស៊ី​វិល​ទៅ​កាន់​ផ្ទះសម្បែង​ និង​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដោយ​សុវត្ថិភាព​ និង​សេចក្តី​ថ្លៃថ្នូរ​ ។

រាជរដ្ឋាភិបាល​តាម​រយៈ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​ទៅ​ប្តឹង​តវ៉ា​យ៉ាង​ខ្លាំង​ជូន​ទៅ​ដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​នានា​ទាំង​ថ្នាក់​តំបន់​និង​អន្តរជាតិ ដោយ​បាន​ស្នើ​សុំ​ឱ្យ​ចាត់​វិធាន​ការ​ប្រឆាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ​នេះ​ជា​បន្ទាន់​និង​ទៅ​តាម​សមត្ថកិច្ច​រៀង​ៗ​ខ្លួន​ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​ការពារ​ទឹកដី និង​ប្រជាជន គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល ហើយ​រាល់​ការ​សម្រេចចិត្ត​ទាំងអស់​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​និង​ប្រជាជន​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​ដាច់ខាត​មិន​បោះបង់​កាតព្វកិច្ច​ក្នុង​ការ​ទាមទារ​ទឹកដី​ឡើយ ហើយ​បាន​និង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ដើម្បី​ធានា​នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​រយៈពេល​យូរ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​»​ ។

ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ក៏​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជា​នឹង​មិន​ធ្វើ​សម្បទាន​ណាមួយ​ចំពោះ​អធិបតេយ្យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ឡើយ​ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​សូម​បញ្ជាក់​ជូន​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន​ជ្រាប​ថា ការ​តវ៉ា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ដែល​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ប្រឆាំង​នឹង​សកម្មភាព​រំលោភ​បំពាន​ច្បាប់​អន្តរ​ជាតិ និង​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ គឺជា​ភស្តុ​តាង​ដែល​មាន​តម្លៃ​ផ្នែក​គតិ​យុ​ត្ត​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ ។

ចំណែកឯ​ជំហរ​ច្បាស់លាស់ ​និង​ដាច់ខាត​របស់​រាជរដ្ឋាភិបាល ​និង​ថ្នាក់ដឹកនាំ​កម្ពុជា គឺជា​សក្ខីភាព​នៃ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹកដី​និង​ប្រជាពលរដ្ឋ ខណៈ​ដែល​កម្លាំង​មហា​សាម​គ្គី​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ដ៏​រឹង​មាំ​។ ​ទាំងនេះ​ គឺជា​ជន្ទល់​ដ៏​រឹង​មាំ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ការ​រំលោភ​បំពាន ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​(Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​ ។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ