ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋមានជីវ ភាពខ្វះខាត និងជនភៀសសឹក ចំនួន៩៩ គ្រួសាររស់នៅក្នុង ឃុំ គោកធ្លក ស្រុកជីក្រែងខេត្តសៀមរាប ព្រមទាំងប្អូនៗសិស្សានុសិស្សចំនួន ១៤០នាក់នៃ សាលាបឋមសិក្សាគោក ធ្លក ទទួលបានអំណោយជាគ្រឿងឧប ភោគបរិភោគ រួមថវិកា និងសម្ភារៈ សិក្សាពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជននៅក្នុងក្រុងសៀមរាប ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះចៅអធិការវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានមានថេរដីកាថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដែលបាននាំយកមកចែកជូនដល់បងប្អូនប្រជាពល រដ្ឋមានជីវភាពខ្វះខាត និងជនភៀសសឹក ព្រមទាំងប្អូនៗសិស្សានុសិស្សនាពេលនេះគឺដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន ដែលសកម្មភាពមនុស្សធម៌នេះឆ្លុះបញ្ចាំងពីសាមគ្គីភាព “ខ្មែរជួយខ្មែរ” ក្នុងការគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា សម្ភារៈអំណោយទាំងនេះមួយផ្នែកទទួលបានពីរដ្ឋបាលខេត្តនិងមួយផ្នែកទៀតទទួលបានពីលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាស សន ជាម៉ន និងក្រុមគ្រួសារព្រមទាំងសប្បុរសជនជិតឆ្ងាយ ប្រគេនមកវត្តប្រាសាទ គោកចកជាសង្គហៈទានសម្រាប់បែងចែកទៅតាមលទ្ឋភាពទុកជូនគ្រួសារខ្វះខាតជាក់ស្តែងនៅតាមមូលដ្ឋាននានានៃខេត្តសៀមរាប។
ក្នុងនោះដែរ លោក បូ ម៉េងទ្រី អភិបាល ស្រុកជីក្រែង បានសម្តែងនូវអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃនិងសប្បុរសជនជិតឆ្ងាយដែល បានបរិចា្ចគធនធានថវិកាចូលរួមឧបត្ថម្ភគាំទ្រផ្នែកជីវភាពដល់បងប្អូនភៀសសឹកនិងគ្រួសារជួបភាពខ្វះខាតនាពេលនេះ គឺឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមចំណែកជាមួយអាជ្ញា ធរមូលដ្ឋាននិងរាជរដ្ឋាភិបាល ឈរលើស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ បង្ហាញនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព យល់ទុក្ខធុរៈគ្នានិងជួយគ្នាក្នុងគ្រាចាំបាច់។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាបបានមានប្រសាសន៍ថា កម្ពុជាស្រឡាញ់សន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា ដូចជាក់ស្តែងនេះទោះយើងត្រូវប្រទេសថៃ ឈ្លានពាន រំលោភបំពាន បានបង្កឱ្យមានសង្គ្រាមនៅតាមបណ្តោយព្រំដែនបាញ់ប្រហារដោយមិនរើសគោលដៅ ទីអារាម ទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។
ហេតុនេះ សូមបងប្អូនភៀសសឹក និង ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គី រួមសុខរួមទុក្ខ ជាពិសេសត្រូវជឿជាក់ លើការដឹកនាំរបស់ប្រមុខរាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិន ប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោក តែងតែគិតគូរ ពីប្រជាជាតិ ស្ថិរភាពតាមព្រំដែន និងសុខទុក្ខបងប្អូនទាំងអស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង៕



ចែករំលែកព័តមាននេះ