ខេត្តកណ្តាល ៖ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុនៅតាមដងផ្លូវសាធារណៈ ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញផ្សាយនូវសារអប់រំ និងការណែនាំថ្មីមួយ ដើម្បីដាស់តឿនស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ។
ជាក់ស្តែងការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំត្រូវ ឈប់ ទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន ។
សូមបញ្ជាក់ថា ការដណ្តើមគ្នាឆ្លងកាត់ស្ពានចង្អៀត មិនត្រឹមតែបង្កឱ្យមានការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ប៉ះទង្គិច ដែលនាំឱ្យខាតបង់ទាំងពេលវេលា និងទ្រព្យសម្បត្តិ។ ការអនុវត្តតាមការណែនាំនេះនឹងជួយឱ្យលំហូរចរាចរណ៍មានភាពរលូន ទោះបីស្ថិតក្នុងស្ថានភាពផ្លូវជួបការលំបាកក៏ដោយ ។
ក្រៅពីការគោរពច្បាប់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុជីវធម៌ និងការអត់ឱនឱ្យគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរ ។ ការចេះផ្តល់សិទ្ធិឱ្យគ្នា គឺជាសញ្ញាណនៃអ្នកបើកបរដែលមានការទទួលខុសត្រូវ និងគោរពអាយុជីវិតអ្នកដទៃ៕
ចែករំលែកព័តមាននេះ