ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមគត្តិនីតិកោសល បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ ថា ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង កំពុងឲ្យពិន្ទុថ្នាក់ដឹកនាំខេត្តស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តធ្វើបានល្អច្រើន ក្នុងការអនុវត្តនីតិវិធីនិងកសាងហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងខេត្ត ។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយថ្ងៃនេះ គឺដើម្បីពង្រឹងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយបន្ថែមទៀតដល់អាជ្ញាធរខេត្ត ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចូលរួមលុបបំបាត់ល្បែងស្គេមអនឡាញជាបន្តបងទៀត ។
ជាមួយគ្នានេះ សូមបន្តនីតិវិធីអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងបន្តការបង្ក្រាបបទល្មើសនានា ដូចជាបទល្មើសព្រៃឈើបទល្មើសជលផល ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ ដើមអីឲ្យប្រជាពលរដ្ឋយើងមានសុភមង្គល រស់ក្នុងសេចក្តីសុខ ។

ជុំវិញសំណួររបស់អ្នកសារព័ត៌មានស្ដីពីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមនុស្សពីរនាក់មកកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធីឃុំខ្លួននៅក្នុងពន្ធនាគារពាក់ព័ន្ធ និងករណីឈុតឆាយដីព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង នាពេលថ្មីៗនេះ ត្រូវបានឯកឧត្តម ឱម យិនទៀង បញ្ជាក់ថា នេះជាភស្តុតាងមួយ ដែលអាជ្ញាធរខេត្ត ស្រុក និងមន្ត្រីជំនាញ អនុវត្តច្បាប់យ៉ាងច្បាស់លាស់ ព្រោះនេះជាបទល្មើសដីព្រៃលិចទឹកតំបន់បី ជាដីរដ្ឋការពារ ហើយនេះកាតព្វកិច្ចរបស់រដ្ឋ ចំណែកខេត្តជាអ្នកទទួលគ្រប់គ្រង បន្ទាប់មកមានស្រុកមានឃុំមានមន្ត្រីជំនាញ ជួយការពារមិនឱ្យមានអ្នកប៉ះពាល់ ។មន្ត្រីជំនាញដែលជានគរបាលយុត្តិធម៌ នគរបាលស្រុកខេត្ត រួមទាំងតុលាការ គាត់ជាអ្នកម្ចាស់ការទៅឃាត់ដើម្បីកសាងសំណុំរឿង ។

ក្រោយពីសាកសួរស្រាវជ្រាវពិនិត្យឃើញថាក្រៅពីបទល្មើសជលផលនៅមានបទល្មើសពុករលួយ ដូច្នេះហើយតុលាការអាជ្ញាធរខេត្តសំណូមពរ បញ្ជូនមនុស្សបន្តមកឲ្យអង្គភាពប្រឆាំងអំពើពុករលួយ។ក្រោយការស្រាវជ្រាវរយៈពេល 2 ថ្ងៃ បានរកឃើញថាពួកគាត់ពិតជាបានឈូកឆាយដីព្រៃលិចទឹកតំបន់ 3 និងពាក់ព័ន្ធអំពើពុករលួយមែន ទើបអង្គភាពបានបញ្ជូនមនុស្សមក តុលាការខេត្តវិញ ដោយបញ្ជាក់ថាពិតជាមានអំពើពុករលួយក្នុងសំណុំរឿងដីព្រៃលិចទឹកមែន ។

ក្នុងសំណុំរឿងនេះ ឯកឧត្តមបញ្ជាក់ថាមានមនុស្ស៤នាក់បាននិងកំពុងរត់គេចខ្លួន ក្នុងនោះមេភូមិម្នាក់ផងដែលគាត់ឈូឆាយដីព្រៃទំហំច្រៀងដប់ហិចតា ។ តាមរយៈអ្នកសារព័ត៌មានឯកឧត្តមសូមអំពាវនាវឲ្យអ្នករត់គេចខ្លួនចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ដែរថានៅក្នុងពិធីនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីសមិទ្ធផលនានាដែលខេត្តសម្រេចបានក៏ដូចជាវិធានការមកក្រាបបទល្មើសនានា រយៈការកន្លងមក និងការប្រចណ្ឌភ្ជាប់នៅការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ ៕
ចែករំលែកព័តមាននេះ