សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភេសជ្ជៈដែលត្រឹមត្រូវ នឹងជួយឱ្យរាងកាយមានថាមពល និងពង្រឹងប្រព័ន្ធការពារ។ ទាំងទឹកក្រូចឆ្មារទឹកឃ្មុំ និងទឹកតែ សុទ្ធតែផ្ដល់អត្ថប្រយោជន៍រៀងៗខ្លួន ប៉ុន្តែអ្នកគួរជ្រើសរើសឱ្យសមស្របទៅតាមស្ថានភាពរាងកាយ៖
ទឹកក្រូចឆ្មារទឹកឃ្មុំសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងបាក់តេរី ដែលជួយសម្រួលបំពង់ក បំបាត់ក្អក និងពង្រឹងស្បែកឱ្យស្រស់ថ្លា។ ទោះជាយ៉ាងណា ដោយសារវាមានកម្រិតអាស៊ីតខ្ពស់ អ្នកដែលមានបញ្ហាក្រពះមិនគួរញ៉ាំវានៅពេលពោះទទេឡើយ ព្រោះវាអាចបង្កឱ្យមានបញ្ហាចុកឆ្អល់ ឬច្រាលអាស៊ីតក្រពះ។ ម្យ៉ាងទៀត ការញ៉ាំទឹកឃ្មុំរាល់ថ្ងៃអាចធ្វើឱ្យឡើងមុន ដូច្នេះគួរញ៉ាំឆ្លាស់ថ្ងៃគ្នាទើបជាការល្អ។
ចំពោះតែបៃតងគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់មុខងារថ្លើមក្នុងការបន្សាបជាតិពុល និងការពារការឆ្លងមេរោគផ្សេងៗ។ ប៉ុន្តែ អ្នកមិនគួរញ៉ាំទឹកតែភ្លាមៗក្រោយបាយ ឬញ៉ាំនៅពេលក្ដៅខ្លាំងពេកឡើយ ព្រោះវាអាចប៉ះពាល់ដល់បំពង់ក និងក្រពះ។ ដោយសារតែមានជាតិកាហ្វេអ៊ីន កុមារ និងស្ត្រីមានផ្ទៃពោះគួរជៀសវាង ហើយអ្នកក៏មិនគួរញ៉ាំវានៅពេលយប់ដែលនាំឱ្យគេងមិនលក់ដែរ។
ជារួមភេសជ្ជៈដែលល្អបំផុតសម្រាប់គ្រប់គ្នាគឺ “ទឹកក្ដៅឧណ្ហៗ”។ ចូរទម្លាប់ញ៉ាំទឹកឱ្យបាន ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ និងបន្ថែមការញ៉ាំផ្លែឈើស្រស់ ដើម្បីទទួលបានវីតាមីន និងជាតិសរសៃសម្រាប់ជួយលាងសម្អាតជាតិពុលក្នុងរាងកាយឱ្យកាន់តែប្រសើរ៕
ចែករំលែកព័តមាននេះ