ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទឹក​ដី​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​ច​រ​ចា​រុស្ស៊ី-​អ៊ុយក្រែន​នៅ​ទី​ក្រុង​ហ្សឺណែវ

1 ខែ មុន

ទី​ក្រុង​ហ្សឺណែវ៖ គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ស្វីស​ហើយ​ដើម្បី​ត្រៀម​ចរ​ចា​គ្នា​នា​ពេល​បន្តិច​ទៀត​នេះ​។ គេ​គិត​ថា​បញ្ហា​បូរណ​ភាព​ទឹក​ដី​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​ និង​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​ចរ​ចា​លើក​នេះ​។ លោក​ដូណាល់​ត្រាំ​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​អ៊ុយ​ក្រែន​។ ដូច​អ្វី​ដែល​លោក​ហ្សេឡិន​ស្គី​នៅ​អាលឺ្លម៉ង់​​បាន​និយាយ​អីចឹង​គឺថា​លោក​ត្រាំ​ជំរុញ​ឱ្យ​តែ​ខាង​អ៊ុយ​ក្រែន​ធ្វើ​សម្បទាន​ ចំណែក​រុស្ស៊ី​លោក​មិន​និយាយ​អ្វី​ទាំង​អស់​។ ថ្មី​ៗ​នេះ លោក​ត្រាំ​ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ជា​ប្រញាប់​។…

ទី​ក្រុង​ហ្សឺណែវ៖ គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ស្វីស​ហើយ​ដើម្បី​ត្រៀម​ចរ​ចា​គ្នា​នា​ពេល​បន្តិច​ទៀត​នេះ​។ គេ​គិត​ថា​បញ្ហា​បូរណ​ភាព​ទឹក​ដី​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​ និង​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​ចរ​ចា​លើក​នេះ​។ លោក​ដូណាល់​ត្រាំ​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​អ៊ុយ​ក្រែន​។ ដូច​អ្វី​ដែល​លោក​ហ្សេឡិន​ស្គី​នៅ​អាលឺ្លម៉ង់​​បាន​និយាយ​អីចឹង​គឺថា​លោក​ត្រាំ​ជំរុញ​ឱ្យ​តែ​ខាង​អ៊ុយ​ក្រែន​ធ្វើ​សម្បទាន​ ចំណែក​រុស្ស៊ី​លោក​មិន​និយាយ​អ្វី​ទាំង​អស់​។ ថ្មី​ៗ​នេះ លោក​ត្រាំ​ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ជា​ប្រញាប់​។ លោក​យល់​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​នេះ​ងាយ​ស្រួល​បំផុត​។

មុន​ការ​ចរ​ចា​លើក​ទី​បី​នេះ​​ រុស្ស៊ីវាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​អ៊ុយ​ក្រែន​ និង​បណ្ដាល​ឱ្យ​ខូច​ខាត​ប្រព័ន្ធ​ចែក​ចាយ​ថាម​ពល​នៅ​ទី​ក្រុង​កំពង់​ផែ​អូដេ​សា (Odesa)។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​ប្រកាស​ថា​​​មនុស្ស​រាប់​ម៉ឺន​នាក់​គ្មាន​អ្វី​សម្រាប់​កម្ដៅ​ខ្លួន និង​គ្មាន​ទឹក​ស្អាត​សម្រាប់​​ប្រើ​ប្រាស់​នោះ​ទេ​។ ឆ្លៀត​ឱកាស​​នេះ លោក​ហ្សេ​ឡិនស្គី​អំពាវ​នាវ​​ឱ្យ​​ក្រុម​សម្ព័ន្ធ​មិត្ត​​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​រុស្ស៊ី​ដើម្បី​​បង្ខំ​ឱ្យ​រុស្ស៊ី​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ និង​ប្រកប​ដោយ​យុត្តិ​ធម៌។ ការ​ដាក់​សម្ពាធ​នោះ​គឺ​តាម​រយៈ​ការ​​គាប​សង្កត់​ផ្នែក​​​​​សេដ្ឋ​កិច្ច និង​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​។

សព្វ​ថ្ងៃ​នេះ តំបន់​ដូញែត​ (Donetsk) នៅ​សល់​ទឹក​ដី​២០%​ទៀត​ដែល​រុស្ស៊ី​មិន​ទាន់​វាយ​យក​បាន​។​ រុស្ស៊ី​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ប្រគល់​ដី​ដែល​នៅ​សេស​សេល​នោះ​មក​ឱ្យ​ខ្លួន​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ការ​ចរ​ចា​លើក​នេះ​ត្រូវ​និយាយ​អំពី​បញ្ហា​ជា​ច្រើន​រួម​ទាំង​​បញ្ហា​ធំ​ៗ​ផង​ដែរ​​ដូច​ជា​បូរណ​ភាព​ទឹក​ដី​ និង​អ្វី​គ្រប់​យ៉ាង​ដែល​ជា​ការ​ទាម​ទារ​របស់​រុស្ស៊ី​។ ទី​កន្លែង​ចរ​ចា​គ្នា​បាន​ដូរ​ទៅ​ទី​ក្រុង​ហ្សឺណែវ​វិញ​បន្ទាប់​ពី​ភាគី​ទាំង​បី​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​ជួប​គ្នា​២​ដង​នៅ​អាប៊ូ​ដាប៊ី ប្រទេស​អារ៉ាប់​រួម​ ប៉ុន្តែ​គ្មាន​លទ្ធ​ផល​។

ក្រឡេក​ទៅ​មើល​សមរភូមិ​យោធា​វិញ​ម្ដង​ កាល​ពី​យប់​មិញ និង​ព្រឹក​មិញ រុស្ស៊ី​បញ្ជូន​ដ្រូន​ជិត​៤​រយ​គ្រឿង និង​មីស៊ីល​២៩​គ្រាប់​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​។ លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ផ្គួប​គ្នា​ និង​មាន​ចេត​នា​បង្ក​ការ​ខូច​ខាត​ជា​អតិ​បរមា​ទៅ​លើ​វិស័យ​ថាម​ពល​។ លោក​អំពាវ​នាវ​ឱ្យ​ក្រុម​ប្រទេស​ជា​ដៃ​គូ​​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​នេះ និង​ចាប់​បង្ខំឱ្យ​​រុស្ស៊ី​ទទួល​ខុស​ត្រូ​វចំពោះ​ទង្វើ​របស់​ខ្លួន​៕ ប្រភព៖ អឹន​ប៊ី​ស៊ី (NBC) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ