ទីក្រុងហ្សឺណែវ៖ ថ្ងៃនេះ អាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើមចរចាគ្នាដោយប្រយោលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថាការចរចាគ្នានឹងទទួលបានលទ្ធផលបែបណាអាស្រ័យទៅលើទីក្រុងវ៉ាស៊ីនតោន។ អ៊ីរ៉ង់យល់ថាវ៉ាស៊ីនតោនគួរកុំដាក់លក្ខខណ្ឌទាមទារដែលមិនអាចទៅរួច។ ទន្ទឹមនឹងនោះ អាមេរិកក៏បន្តកសាងកម្លាំងទ័ពកាន់តែច្រើនឡើងៗនៅតំបន់មជ្ឈិមបូព៌ា។

បេសកជនពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូស និងកូនប្រសាលោកត្រាំជាអ្នកតំណាងខាងភាគីអាមេរិក។ ចំណែកខាងភាគីអ៊ីរ៉ង់តំណាងដោយរដ្ឋមន្ត្រីការបរទេស។ នៅក្នុងការចរចាគ្នាលើកនេះ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងចូលរួមដោយប្រយោលពីចម្ងាយ។ លោកជឿជាក់ថាអ៊ីរ៉ង់ចង់សម្រេចឱ្យបានកិច្ចព្រមព្រៀង។ លោកមិនគិតថាពួកគេ (អ៊ីរ៉ង់) ចង់បានផលវិបាកដែលកើតឡើងដោយសារការចរចាបរាជ័យលើកនេះទេ។

លោកត្រាំថ្លែងបន្តទៀតថាយើងអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយគ្នាប្រសើរជាងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកម៉ាកប៊ីធូ (B-2) ដើម្បីចាត់ការទីតាំងនុយក្លេអ៊ែររបស់ពួកគេ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ថ្លែងថាអ្វីដែលជាចំណុចគន្លឹះគឺអាមេរិកត្រូវប្រកាន់ជំហរដោយប្រាកដប្រជានៅក្នុងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើអ៊ីរ៉ង់ និងការមិនដាក់លក្ខខណ្ឌទាមទារដែលមិនអាចទៅរួចចំពោះអ៊ីរ៉ង់។ បើបញ្ហាទាំង២នេះដោះស្រាយចេញ ពេលនោះការសម្រេចបានកិច្ចព្រមព្រៀងមិនពិបាកឡើង។ មន្ត្រីដដែលនេះប្រាប់បន្តទៀតថារដ្ឋាភិបាលរបស់ខ្លួនមកចរចាគ្នាលើកនេះមានសំណើដ៏ពិតប្រាកដ និងប្រកបដោយការស្ថាបនានៅក្នុងដៃដើម្បីដាក់នៅលើតុចរចា។

ការចរចាធ្វើឡើងនៅផ្ទះរបស់ឯកអគ្គរាជទូតអូម៉ង់ប្រចាំអង្គការសហប្រជាជាតិដោយមានការការពារសន្តិសុខយ៉ាងមាំទាំ។ គេមើលពីចម្ងាយឃើញឡានដាក់ផ្លាកស្ថានទូតអ៊ីរ៉ង់ជាច្រើនគ្រឿងចតនៅខាងក្រៅផ្ទះនោះ។ លោកត្រាំកំពុងប្រើប្រាស់យុទ្ធសាស្ត្រដំបង និងការ៉ុត មានន័យថាប្រើទាំងធម៌ក្ដៅ និងធម៌ត្រជាក់។ បើការចរចាលើកនេះបរាជ័យគឺមានតែផ្ទុះសង្គ្រាមជាមួយគ្នាតែប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលអាមេរិក២នាក់ប្រាប់ថាយោធាអាមេរិកត្រៀមខ្លួនរួចរាល់អស់ហើយដើម្បីចេញប្រតិបត្តិការសឹករយៈពេលជាច្រើនសប្ដាហ៍ (វាយប្រហារអ៊ីរ៉ង់)។ ពួកគេរង់ចាំតែការចេញបញ្ជាពីលោកដូណាល់ត្រាំតែប៉ុណ្ណោះ។

យោធាអ៊ីរ៉ង់ចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការដឹកជញ្ជូនប្រេងឆៅទៅលក់នៅលើទីផ្សារអន្តរជាតិ។ ប្រេងឆៅ២០%ដឹកកាត់ទីនេះ។ ឥឡូវនេះ ការចរចាគ្នាកាន់តែអន្ទង់វែងឆ្នាំងវែងហើយ។ នៅពេលចរចាគ្នាអំពីបញ្ហានុយក្លេអ៊ែរមិនទាន់បានលទ្ធផលអ្វីផង អាមេរិកចង់ដាក់បញ្ចូលបញ្ហាដទៃទៀតទៅក្នុងកញ្ចប់តែមួយ។ នោះគឺការទាមទារឱ្យអ៊ីរ៉ង់ឈប់អភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងឈប់គាំទ្រចលនាប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែល។ ចំណែកអ៊ីរ៉ង់វិញក៏ដាក់លក្ខខណ្ឌថាបើចង់ឱ្យខ្លួនឈប់ចម្រាញ់វិទ្យុសកម្មលុះត្រាតែអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ច៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ