ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​ឡាវ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ជូន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ​ចៃ គុម​ម៉ា​ស៊ី​ត (Saichay Kommasith) អនុរដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​ឡាវ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្ដម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​តេ​ជោ បាន​សម្ដែង នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្ដម​អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ រួម​ទាំង​ប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ​។ សម្ដេច​តេ​ជោ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​អនុរដ្ឋមន្ដ្រី​ការពារ​ជាតិ​ឡាវ មក​កាន់​កម្ពុជា​ក្នុង​ឱកាស​នេះ នឹង​ក្លាយជា​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ឡាវ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម ហើយ​និយាយ​ដោយឡែក​គឺ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ ។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំ​កំពូល​របស់​ឡាវ គឺ​ឯកឧត្ដម ថង​លូន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រមុខរដ្ឋ​របស់​ឡាវ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​ចំណុច​ដ៏​សំខាន់​នៃ​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​ឡាវ នា​ពេល​បច្ចុប្បន្ន ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​អនុរដ្ឋមន្ដ្រី​ការពារ​ជាតិ​ឡាវ បាន​សម្ដែង​នូវ​ការ​អរគុណ​ដែល​សម្ដេច​តេ​ជោ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម និង​ប្រតិភូ​បាន​ជួប​សម្ដែង​ការ​គួរសម​នា​ឱកាស​នេះ ។ ឯកឧត្ដម​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​កម្ពុជា និង​ឡាវ នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារ​ជាតិ និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ឯកឧត្ដម​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ពូន​ជ្រុំ​នៃ​ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ត​ទៀត ។

ឯកឧត្ដម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តាម​ព្រំដែន ដែល​ជា​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ហើយ​មាន​សុខ​សន្តិភាព និង​សុវត្ថិភាព​ជាមួយ​គ្នា​បាន​ល្អ តាម​រយៈ​ការ​សហការ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​កងទ័ព អាជ្ញាធរ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ អំពី​សកម្មភាព ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ ដោយ​ឯកឧត្ដម​បាន​ជួប​ពិភាក្សា​ជាមួយនឹង​ឯកឧត្ដម​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា រួម​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ក្នុង​ពេល​ឯកឧត្ដម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ដាក់​ចេញ​នូវ​ផែនការ​ពង្រីក​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ក្របខ័ណ្ឌ​កងទ័ព​កម្ពុជា និង​កងទ័ព​ប្រជាជន​ឡាវ ។

សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ចំពោះ​របាយការណ៍ ក៏​ដូច​ជា​លទ្ធផល​ដែល​ឯកឧត្ដម​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ជួប​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​របស់​កម្ពុជា ដែល​ជា​ចំណុច​ដ៏​សំខាន់ ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត នូវ​ទំនាក់ទំនង​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ​ក៏​បាន​ជំរុញ​បន្ថែម​ឱ្យ​វិស័យ​ការពារ​ជាតិ ក៏​ដូច​ជា​កងទ័ព​កម្ពុជា និង​ឡាវ ពង្រីក​នូវ​ការ​ចែករំលែក​បទ​ពិសោធន៍​គ្នា​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​ផុលផុស និង​មាន​ចំនួន​ច្រើន​ជាង​មុន តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍​ក្នុង​វិស័យ​ការពារ​ជាតិ ដើម្បី​ជា​ផ្នែក​ក្នុង​ការ​រុញច្រាន នៃ​ការ​បណ្ដុះបណ្ដាល​មូលធន​មនុស្ស នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ ឱ្យ​កាន់តែ​រីក​ចម្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ ក៏​រីករាយ ដែល​ឃើញ​កិច្ច​សហប្រតិបត្តិការ​ល្អ​នៅ​តាម​ព្រំដែន រវាង​កម្ពុជា និង​ឡាវ មាន​ជាមួយ​គ្នា​ក្នុង​ពេល​កន្លង​មក ហើយ​សម្ដេច​បាន​ជំរុញ​បន្ថែម​ឱ្យ​អាជ្ញាធរ ក៏​ដូច​ជា​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ធ្វើការ​ជាមួយ​គ្នា​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​នូវ​សន្តិភាព​សន្តិសុខ​តាម​ព្រំដែន​នេះ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។

សម្ដេច​តេ​ជោ​ក៏​បាន​ផ្ដល់​យោបល់​ឱ្យធ្វើ​កិច្ច​សហប្រតិបត្តិការ​តាម​ព្រំដែន នៅ​ក្នុង​ក្របខ័ណ្ឌ នៃ​ការ​ពង្រីក​ទំនាក់ទំនង​ល្អ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជាដើម ប៉ុន្តែ​លើស​ពី​នេះ សម្ដេច​តេ​ជោ ក៏​ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​តាម​ព្រំដែន​ដូច​ជា ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ​ជាដើម ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ​តាម​ព្រំដែន​របស់​កម្ពុជា និង​ឡាវ មាន​គ្រប់​ទម្រង់ និង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។ សម្ដេច​តេ​ជោ ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​មួយ​ចំនួន​របស់​សម្ដេច នៅ​ក្នុង​ការ​ដឹកនាំ តាំងពី​សម្ដេច​នៅ​ជា​កងទ័ព រហូត​ដល់​សម្ដេច​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី និង​ចាក​ចេញពី​នាយក​រដ្ឋមន្ត្រី ជូន​ចំពោះ​ប្រតិភូ​កងទ័ព​ប្រជាជន​ឡាវ ។

ឯកឧត្ដម​អនុរដ្ឋមន្ដ្រី​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន​សម្រាប់​រូប​ឯកឧត្ដម​ផ្ទាល់ និង​ប្រតិភូ​នៅ​ពេល​នេះ​។ ឯកឧត្ដម​បាន​ចាត់​ទុក​បទ​ពិសោធន៍​របស់​សម្ដេច​តេ​ជោ​ដ៏​ច្រើន និង​ដ៏​ល្អ​នេះ គឺជា​មេរៀន​ដ៏​សំខាន់​សម្រាប់​រូប​ឯកឧត្ដម​ផ្ទាល់ និង​ប្រតិភូ ដើម្បី​យក​ទៅ​សិក្សា និង​ឈ្វេងយល់​បន្ថែម​ទៀត ជា​ពិសេស​បានជា​បទ​ពិសោធន៍​នៅ​ក្នុង​ការ​អនុវត្ត ។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ចំពោះ​ឯកឧត្ដម និង​ប្រតិភូ​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ