រាជធានីភ្នំពេញ ៖ រថយន្ត ១គ្រឿង របស់សាលារៀនបើកបរ «ដៃទេព» សាខាផ្សារទួលពង្រ ខណៈបង្រៀនសិស្សបើកបរ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកបឹងឈូកមួយកន្លែងទាំងកំរោល ប៉ុន្តែសំណាងល្អ ដែលរថយន្តធ្លាក់ចូលទៅតាមសម្រួលហើយអត់ក្រឡាប់ ទើបគ្រាន់តែរងការខូចខាត ហើយមិនបានបណ្ដាលឲ្យគ្រូ និងសិស្សរងរបួសនោះឡើយ ។
ឧប្បត្តិហតុនោះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិម្ភៃបួន ហៅភូមិវ៉ាំងកាត់ សង្កាត់ព្រៃស ខណ្ឌដហ្កោ រាជធានីភ្នំពេញ ។
រថយន្ត១គ្រឿងខាងលើនោះ ម៉ាកតូយ៉ូតា ហាយលែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-3166 ជារថយន្តរបស់សាលាបង្រៀនបើកបរដៃទេព សាខាផ្សារទួពង្រ ហើយគ្រូនិងសិស្ស ដែលបង្រៀន និងរៀនបើកបរនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រជាពលរដ្ឋបាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើ ពួកគាត់បានឃើញរថយន្ត ១គ្រឿងនោះ មានបិទឡោហ្គោ សាលារៀនបើកបរដៃទេព ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ដែលបើកបរដោយសិស្សម្នាក់ ។ ខណៈនោះ ក៏ឃើញគ្រូបង្រៀន បើកបរម្នាក់អង្គុយនៅកៅអីរថយន្តខាងស្ដាំ ក្បែរតៃកុង ដែលជាសិស្សនោះផងដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា គេចអ្វីនោះទេ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ជ្រុលចូលទៅក្នុងទឹកបឹងឈូកនៅជិតផ្លូវតែម្ដង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះរថយន្តបានផ្អៀងទៅខាថស្ដាំ ប៉ុន្តែសំណាងល្អមិនបានក្រឡាប់នោះឡើយ ទើបគ្រូបង្រៀនបើកបរនិងសិស្សដែលជាអ្នករៀនបើកបរនោះគ្មានរបួស បន្ទាប់មកបាននាំគ្នាចេញពីក្នុងរថយន្តដោយុវត្ថិភាពគ្រប់ៗគ្នា ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃសបានចុះទៅពិនិត្យមើលជាក់ស្ដែង ឃើញថា អត់មានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបឲ្យម្ចាស់ស្ទូចរថយន្តនោះឡើងគោក រួចនាំយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕







ចែករំលែកព័តមាននេះ