ជំនឿ៖ យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស ការស្លៀកសម្លៀកបំពាក់ថ្មីនៅថ្ងៃចូលឆ្នាំចិន មិនមែនគ្រាន់តែជាការបង្អួតសម្រស់នោះទេ ប៉ុន្តែវាគឺជាជំនឿនៃការលះបង់រឿងចាស់ៗដែលមិនល្អ និងការត្រៀមខ្លួនទទួលយកសំណាងថ្មីៗ។
តាមប្រពៃណី លោកអ្នកគួរចាប់ផ្ដើមស្លៀកសម្លៀកបំពាក់ថ្មីតាំងពី ព្រឹកព្រលឹមនៃថ្ងៃដំបូង នៃឆ្នាំថ្មី ហើយសូម្បីតែឈុតគេងថ្មីក៏អាចស្លៀកបានតាំងពីយប់មុនថ្ងៃចូលឆ្នាំ ដើម្បីជានិមិត្តរូបនៃភាពរុងរឿងតាំងពីពេលសម្រាក។
សម្រាប់ម៉ូដសម្លៀកបំពាក់ លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្ត មិនថាជាបែបសម័យទំនើប ឬបែបប្រពៃណីឡើយ។ ឈុតដែលពេញនិយមបំផុតគឺ ឈុតថាង សម្រាប់បុរស និង ឈុតឈីប៉ាវ សម្រាប់ស្ត្រី ដែលធ្វើពីសូត្រភ្លឺរលោង។ ពណ៌ដែលនាំលាភជ័យបំផុតគឺ ពណ៌ក្រហម ដែលតំណាងឱ្យអំណាច និងសំណាងល្អ និង ពណ៌មាស ដែលតំណាងឱ្យទ្រព្យសម្បត្តិមហាសាល។ ចំពោះអ្នកដែលចំឆ្នាំឆុង ការស្លៀកគ្រឿងក្នុង ឬស្រោមជើងពណ៌ក្រហម ត្រូវបានគេជឿថាជួយកាត់គ្រោះ និងបង្កើនរាសីឱ្យខ្ពស់ត្រដែត។
ទោះជាយ៉ាងណា មានបម្រាមសំខាន់មួយដែលលោកអ្នកត្រូវដឹង គឺ ហាមដាច់ខាតការស្លៀកពណ៌ខ្មៅ ឬស ព្រោះពណ៌ទាំងនេះផ្សារភ្ជាប់ទៅនឹងពិធីបុណ្យសព និងសេចក្ដីស្លាប់ ដែលនាំមកនូវភាពមិនមង្គលសម្រាប់ឆ្នាំថ្មី។ លើសពីនេះ លោកអ្នកគួរចៀសវាងការទិញស្បែកជើងថ្មីក្នុងអំឡុងថ្ងៃបុណ្យ (តាមជំនឿតំបន់ខ្លះ) និងត្រូវប្រាកដថាសម្លៀកបំពាក់ដែលស្លៀកគឺស្អាតបាត មិនដាច់រហែក ដើម្បីបង្ហាញការគោរពដល់ទេវតាឆ្នាំថ្មី និងទាក់ទាញលុយកាក់ឱ្យហូរចូលពេញមួយឆ្នាំ៕
ចែករំលែកព័តមាននេះ