ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបដិសេធ​របាយ​ការណ៍​ថា​លោក​ណា​វ៉ាល់​នី​ស្លា.​ប់​ព្រោះ​សារ​ធាតុ​ពុល​ដែល​មាន​ក្នុង​កង្កែប​ពិស

8 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ វិមាន​ក្រឹម​ឡាំង​ច្រាន​ចោល​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដែល​ថា​អតីត​ប្រធាន​គណបក្ស​​ប្រឆាំង​នៅ​រុស្ស៊ី លោក​ណា​វ៉ាល់​​នី ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០២៤​​នោះ​គឺ​ស្លាប់​ដោយ​សារ​ការ​ដាក់​ថ្នាំ​បំពុល​។ លទ្ធ​ផល​នេះ​ត្រូវ​ប្រទេស​ចំនួន​ប្រាំ​នៅ​អឺរ៉ុប​គឺ​អង់​គ្លេស បារាំង អាល្លឺម៉ង់​ ស៊ុយ​អែត​ និង​​ហូឡង់​​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ វិមាន​ក្រឹម​ឡាំង​ច្រាន​ចោល​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដែល​ថា​អតីត​ប្រធាន​គណបក្ស​​ប្រឆាំង​នៅ​រុស្ស៊ី លោក​ណា​វ៉ាល់​​នី ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០២៤​​នោះ​គឺ​ស្លាប់​ដោយ​សារ​ការ​ដាក់​ថ្នាំ​បំពុល​។ លទ្ធ​ផល​នេះ​ត្រូវ​ប្រទេស​ចំនួន​ប្រាំ​នៅ​អឺរ៉ុប​គឺ​អង់​គ្លេស បារាំង អាល្លឺម៉ង់​ ស៊ុយ​អែត​ និង​​ហូឡង់​​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។ លោក​ណាវ៉ាល់​នី​ជា​អ្នក​រិះ​គន់​នយោបាយ​របស់​លោក​ពូទីន​យ៉ាង​ឥត​សំចៃ​មាត់​។ លោក​ស្លាប់​នៅ​ពេល​អនុវត្ត​ទោស​នៅ​​ក្នុង​​ពន្ធ​នា​គារ​​នៅ​តំបន់​អាក​ទិច​។​

ការ​​ស្រាវ​ជ្រាវ​របស់​មន្ទីរ​ពិ​សោធ​ផ្សេង​គ្នា និង​​​ធ្វើ​ការ​ដោយ​ឯក​រាជ្យ​ពី​គ្នា បាន​បង្ហាញ​​លទ្ធ​ផល​ដូច​គ្នា​ថា​លោក​ណាវ៉ាល់​នី​ស្លាប់​​ដោយ​សារ​សារ​​ធាតុ​ពុល​ដ៏​កម្រ​ឈ្មោះ​អេពី​បា​ទីឌីន​ (epibatidine) ដែល​មាន​នៅ​​ក្នុង​ស្បែក​របស់​សត្វ​កង្កែប​ពិស​ (dart frog) នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ (ដូច​ជា​នៅ​ព្រៃ​អា​ម៉ា​ហ្សូន​ជា​ដើម)​។ ប្រទេស​ទាំង​​៥​សំអាង​ទៅ​លើ​ហេតុ​ផល​បី​យ៉ាង​គឺ​៖ មាន​តែ​រុស្ស៊ី​ទេ​ដែល​មាន​ធម្យោ​បាយ​ចម្រាញ់​សារ​ធាតុ​នេះ​យក​ទៅ​បំពុល​លោក​ណាវ៉ាល់​នី, មាន​តែ​រុស្ស៊ី​ទេ​ដែល​មាន​កត្តា​ជំរុញ​ចិត្ត​ចង់​សម្លាប់​លោក​ណាវ៉ាល់​នី និង​មាន​តែ​រុស្ស៊ី​ទេ​ដែល​មាន​ឱកាស​សម្លាប់​ណាវ៉ាល់​នី​។​​

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស (Peskov) ថ្លែង​ថា​ការ​ចោទ​ប្រកាន់​នេះ​គ្រាន់​តែ​ចេញក្រឡា​មក​​​យើង​​​ច្រាន​ចោល​ទាំង​ស្រុង​ដោយ​មិន​ចាំ​បាច់​គិត​ច្រើន​​។ យើង​មិន​ឯក​ភាព​នឹង​ការ​សន្និ​ដ្ឋាន​​ទាំង​នេះ​​ទេ​។ យើង​យល់​ថា​នោះ​ជា​ការ​សន្និ​ដ្ឋាន​ដែល​លំអៀង និង​គ្មានមូល​ដ្ឋាន​ច្បាស់​លាស់​​​​ទេ​។ ​ជា​ការ​ពិត យើង​សូម​ប្រឆាំង​ជំទាស់​នឹង​ការចោទ​ប្រកាន់​នេះ​។​ ​សារ​ធាតុ​ពុល​ឈ្មោះ​អេ​ពី​បា​ទី​ឌីន​កកើត​ឡើង​ដោយ​ធម្ម​ជាតិ​នៅ​ក្នុង​ស្បែក​របស់​សត្វ​កង្កែប​ពិស​ដែល​រស់​នៅ​ក្នុង​​ព្រៃ​ស្រោង​នៃ​តំបន់​អាមេរិក​ខាង​ត្បូង។ ប៉ុន្តែ​សារ​ធាតុ​នេះ​ក៏​អាច​ផលិត​នៅ​ក្នុង​ពិសោធ​បាន​ដែរ​​។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បស្ចិម​ប្រទេស​សង្ស័យ​ថា​រុស្ស៊ី​ប្រហែល​ជា​បាន​ប្រើ​ស្នៀត​នេះ​ដើម្បី​បំពុល​សម្លាប់​លោក​ណាវ៉ាល់​នី​។​

នៅ​ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​ សារ​ធាតុ​នេះ​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ដូច​សារ​ធាតុ​ពុល​ដែល​បំផ្លាញ​ប្រព័ន្ធ​ប្រសាត​ដទៃ​ទៀត​ដែរ​​​។ ពោល​គឺ​វា​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដក​ដង្ហើម​ផុត​ៗ​ស្ទើរ​ដាច់​ខ្យល់​ស្លាប់​​, ប្រកាច់​, ប្រទាញ​ដៃ​ជើង​ និង​សង្វាក់​បេះ​ដូង​ថយ​ចុះ​បន្តិច​ម្ដង​ៗ​រហូត​ដល់​ស្លាប់​តែ​ម្ដង​។ លោក​ណាវ៉ាល់​នី​ធ្លាប់​ត្រូវ​ថ្នាំ​ពុល​កាល​ពី​ឆ្នាំ​២០២០​។ ប៉ុន្តែ​គាត់​អាច​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​សារ​គេ​បាន​​បញ្ជូន​​គាត់​ចេញ​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា​​​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ