ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ស្វីស​ដើម្បី​ចូល​រួម​ការ​ចរ​ចា​ត្រី​ភាគី

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ មន្ត្រី​រដ្ឋា​ភិបាល​អ៊ុយ​ក្រែន​បាន​ចាក​ចេញ​ដំណើរ​ពី​មាតុ​ប្រទេស​សំដៅ​ទៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ចូលរួម​ការ​ចរ​ចា​ត្រី​ភាគី​ជា​មួយ​អាមេរិក និង​រុស្ស៊ី​។ ប្រធាន​កិច្ច​ការ​ទូទៅ​របស់​អ៊ុយ​ក្រែន​បង្ហោះ​សារ​នៅ​​លើ​តេ​ឡេ​ក្រាម​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ហ្សឺណែវ​។ នៅ​ចំពោះ​មុខ​នេះ​គឺ​ការ​ត្រៀម​ចរ​ចា​គ្នា​វគ្គ​បន្ទាប់​។ ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ យើង​នឹង​ពិភាក្សា​គ្នា​ពី​មេរៀន​ដែល​យើង​បាន​ដក​ពិសោធ​ជា​មួយ​សហ​ការី​របស់​យើង​ ហើយ​​យើង​នឹង​ស្វែង​រក​សេចក្ដី​សន្និ​ដ្ឋាន​ដ៏​ត្រឹម​ត្រូវ​​។…

ទី​ក្រុង​កៀវ៖ មន្ត្រី​រដ្ឋា​ភិបាល​អ៊ុយ​ក្រែន​បាន​ចាក​ចេញ​ដំណើរ​ពី​មាតុ​ប្រទេស​សំដៅ​ទៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ចូលរួម​ការ​ចរ​ចា​ត្រី​ភាគី​ជា​មួយ​អាមេរិក និង​រុស្ស៊ី​។ ប្រធាន​កិច្ច​ការ​ទូទៅ​របស់​អ៊ុយ​ក្រែន​បង្ហោះ​សារ​នៅ​​លើ​តេ​ឡេ​ក្រាម​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ហ្សឺណែវ​។ នៅ​ចំពោះ​មុខ​នេះ​គឺ​ការ​ត្រៀម​ចរ​ចា​គ្នា​វគ្គ​បន្ទាប់​។ ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ យើង​នឹង​ពិភាក្សា​គ្នា​ពី​មេរៀន​ដែល​យើង​បាន​ដក​ពិសោធ​ជា​មួយ​សហ​ការី​របស់​យើង​ ហើយ​​យើង​នឹង​ស្វែង​រក​សេចក្ដី​សន្និ​ដ្ឋាន​ដ៏​ត្រឹម​ត្រូវ​​។ ​

គម្រោង​ជួប​គ្នា​នៅ​ហ្សឺណែវ​នោះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ជួប​គ្នា​ត្រី​ភាគី​ចំ​នួន​២​ដង​នៅ​​ទី​ក្រុង​អាប៊ូ​ដាប៊ី ប្រទេស​អារ៉ាប់​រួម​កាល​ពី​ខែ​មករា និង​ដើម​ខែ​កុម្ភៈ​​។ ទាំង​អ៊ុយ​ក្រែន និង​រុស្ស៊ី​សុទ្ធ​តែ​បាន​អះ​អាង​ដូច​ៗ​គ្នា​ថា​ការ​ជួប​គ្នា​២​ដង​កន្លង​ទៅ​នេះ​ពោរ​ពេញ​ដោយ​ការ​ស្ថាប​នា​។ ​ប៉ុន្តែ​សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​ ជួប​គ្នា​២​ដង​គ្មាន​បាន​លទ្ធ​ផល​អ្វី​ទាំង​អស់​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោ​កហ្សេឡិនស្គី ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយបង្ហាញ​សេចក្ដី​សង្ឃឹម​ថា​ការ​ជួប​គ្នា​នៅ​ហ្សឺណែវ​ធ្វើ​ឡើង​ដោយ​ភាព​ហ្មត់​ចត់, សាច់​ការ​ និង​មាន​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា​។​ ប៉ុន្តែ​​​លោក​សូម​និយាយ​តាម​ត្រង់​ទៅ​ចុះ​ថា​ពេល​ខ្លះ​ភាគី​ម្ខាង​ៗ​និយាយ​ប្រធាន​បទ​ផ្សេង​គ្នា​ស្រឡះ​។ លោក​ថា​ខាង​ភាគី​អាមេរិក​និយាយ​គ្នា​សុខ​ៗ​ងាក​ទៅ​និយាយ​ពី​ការ​ធ្វើ​សម្ប​ទាន​។

នៅ​ក្នុង​ការ​ទាម​ទារ​ឱ្យ​គូ​ជម្លោះ​ធ្វើ​សម្ប​ទាន​នេះ​ លោក​ហ្សេ​ឡិនស្គី​អះ​អាង​ថា​អាមេរិក​បង្ខំ​ឱ្យ​តែ​ខាង​អ៊ុយ​ក្រែន​ធ្វើ​សម្បទាន​។ ចំណែក​ខាង​រុស្ស៊ី​វិញ​អាមេរិក​គ្មាន​មាត់​ក​អ្វី​ទាំង​អស់​។ នៅ​ក្នុង​ចំណោម​បញ្ហា​ដែល​ជំពាក់​មុខ​ខ្លាំង​មិន​ងាយ​នឹង​ដោះ​ស្រាយ​ចេញ​នោះ​គឺ​​អនា​គត​នៃ​ទឹក​ដី​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​មួយ​ផ្នែក​ធំ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​នៅ​កាន់​កាប់​មួយ​ចំណែក​ដែរ​។ អាមេរិក​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ចេញ​ពីទី​នោះ ហើយ​ប្រគល់​ទៅ​ឱ្យ​រុស្ស៊ី​ទាំង​អស់​តែ​ម្ដង​ដើម្បី​ចរ​ចា​ឆាប់​ត្រូវ​រ៉ូវ​គ្នា​។ ​រុស្ស៊ី​ចង់​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ទទួល​ស្គាល់​ពេញ​សិទ្ធិ​នូវ​ការ​កាន់​កាប់​របស់​ខ្លួន​ទៅ​លើ​តំបន់​ភាគ​ខាង​កើត ​រួម​ទាំង​តំបន់​គ្រី​ម៉េ​ដែល​រុស្ស៊ី​កាត់​ខ្វៀល​យក​តាំង​ពី​ឆ្នាំ​២០១៤​ផង​ដែរ​​។

ចំពោះ​ការ​ទាម​ទារ​ឱ្យ​ដក​កង​ទ័ព​នោះ អ៊ុយ​ក្រែន​ចង់​ឱ្យ​អនុ​វត្ត​ទាំង​សង​ខាង។​​ មាន​ន័យ​ថា​រុស្ស៊ី​ក៏​ត្រូវ​តែ​ដក​ទ័ព​ចេញ​ពី​តំបន់​ដុន​បាស់​ដែរ​ដើម្បី​​ក្លាយ​ជា​​តំបន់​គ្មាន​កង​ទ័ព​។ ​ចំណុច​មួយ​ទៀត​ មន្ត្រី​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែន​ទាម​ទារ​ឱ្យ​មាន​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​​ក្រែន​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​នា​ពេល​អនា​គត​។ ហ្សេ​ឡិន​ស្គី​ថា​អ៊ុយ​ក្រែន​ត្រូវ​ការ​ការ​ធានា​រយៈ​ពេល​ម្ភៃ​ឆ្នាំ​យ៉ាង​តិច​មុន​នឹង​លោក​សម្រេច​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ ប្រភព​ខ្លះ​ថា​អាមេរិក​ផ្ដល់​ការ​ធានា​សន្តិ​សុខ​រយៈ​ពេល​១៥​ឆ្នាំ​ ប៉ុន្តែ​ហ្សេឡិន​ស្គី​មិន​ព្រម​៕ ប្រភព៖ អាល់​ចាស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ