ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ស្វីស​​ដើម្បី​ត្រៀម​ចរ​ចា​នុយ​ក្លេអ៊ែរ

8 ម៉ោង មុន

ទី​ក្រុង​ហ្សឺណែវ​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អារ៉ាក​ឈី​ (Araghchi) បាន​​ធ្វើ​​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ចូល​រួម​ការ​ចរ​ចា​លើក​ទី​២​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ជា​មួយ​អាមេរិក​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​អ៊ីរ៉ង់​។ ទី​ក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីរ៉ង់​ផង​ដែរ​ទាំង​សេដ្ឋ​កិច្ច​ នយោបាយ​…

ទី​ក្រុង​ហ្សឺណែវ​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អារ៉ាក​ឈី​ (Araghchi) បាន​​ធ្វើ​​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ចូល​រួម​ការ​ចរ​ចា​លើក​ទី​២​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ជា​មួយ​អាមេរិក​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​អ៊ីរ៉ង់​។ ទី​ក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីរ៉ង់​ផង​ដែរ​ទាំង​សេដ្ឋ​កិច្ច​ នយោបាយ​ ការ​ទូត និង​យោធា​។ យោង​តាម​រដ្ឋា​ភិ​បាល​អ៊ីរ៉ង់​ ការ​ចរ​ចា​គ្នា​ដោយ​ប្រយោល​ដោយ​មាន​ប្រទេស​អូម៉ង់​​ធ្វើ​​ជា​អ្នក​សម្រប​សម្រួល​នោះ​​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ​។

របៀប​វារៈ​នៃ​ការ​ចរ​ចា​អាច​នឹង​ល្អៀង​គ្នា​។ ខាង​អ៊ីរ៉ង់​ចង់​និយាយ​អំពី​ការ​ចម្រាញ់​វិទ្យុ​សកម្ម​ និង​ការ​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។ ចំណែក​អាមេរិក​មិន​ត្រឹម​តែ​និយាយ​អំពី​វិទ្យុ​សកម្ម​ទេ។ អាមេរិក​ទាម​ទារ​ឱ្យ​អ៊ីរ៉ង់​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ដូច​ជា​ឈប់​អភិ​វឌ្ឍ​កម្ម​វិធី​មីស៊ីល​ផ្លោង និង​ឈប់​ផ្ដល់​ហិរញ្ញ​ប្បទាន​សម្រាប់​ចលនា​ប្រ​ដាប់​អាវុធ​ដែល​ប្រឆាំង​នឹង​អ៊ីស្រា​អែល​ដូច​ជា​ក្រុម​ហ៊ូទី​នៅ​យេម៉ែន, ក្រុម​ហេស​បូឡា​នៅ​លីបង់ និង​ក្រុម​ហាម៉ាស់​នៅ​ហ្កា​ហ្សា​ជា​ដើម​។

​នៅ​ពេល​នេះ​នៅ​មាន​ភាព​ស្រពេច​ស្រពិល​នៅ​ឡើយ​ទេ​ព្រោះ​គេ​មិន​ដឹង​ថា​តើ​ជោគ​វាសនា​នៃ​ឃ្លាំង​ស្តុក​ទុក​សារ​ធាតុ​​អ៊ុយ​រ៉ា​ញ៉ូម​ទម្ងន់​៤០០​គីឡូ​ក្រាម​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​៦០%​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​។ សារ​ធាតុ​ទាំង​នោះ​ធ្លាប់ត្រូវ​ក្រុម​អ្នក​អធិ​ការ​កិច្ច​អន្តរ​ជាតិ​ចុះ​ត្រួត​ពិនិត្យ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៥​។ ​នៅ​ប្រទេស​ស្វីស លោក​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់ អារ៉ាក​ឈី (Araghchi) នឹង​ជួប​សម្ដែង​ការ​គួរ​សម​ជា​មួយ​សម​ភាគី​ស្វីស, ​អូម៉ង់​ និង​​ជួប​ជា​មួយ​ប្រធាន​ទី​ភ្នាក់​ងារ​អា​តូមិច​អន្តរ​ជាតិ​ អាយ​អេ​អ៊ី​អេ (IAEA)​។

អាមេរិក​បាន​ចាត់​បេសក​ជន​ពិសេស​ទទួល​បន្ទុក​ខាង​កិច្ច​ការ​មជ្ឈិម​បូព៌ា​ លោក​ស្ទីវ​វីត​ខូស (Steve Witkoff) និង​កូន​ប្រសា​របស់​លោក​ត្រាំ​​ទៅ​ចូល​រួម​ការ​ចរ​ចា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​​កាល​ពី​ម្សិល​មិញ​។ ​ការ​ចរ​ចា​គ្នា​លើក​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ចេញសារ​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​ថា​អ៊ីរ៉ង់​ត្រូវ​ប្រយ័ត្ន​ខ្លួន​ឱ្យ​មែន​ទែន​។ បើ​ការ​ចរ​ចា​គ្នា​មិន​ជោគ​ជ័យ​ទេគឺ​មាន​តែ​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​តែ​ប៉ុណ្ណោះ​។ ឥឡូវ​នេះ នាវា​ដឹក​យន្ត​ហោះ​ទី​២​កំពុង​បើក​ឆ្ពោះ​ទៅ​តំបន់​មជ្ឈិម​បូព៌ា​ហើយ​។

លោក​ត្រាំ​​អះ​អាង​ថា​អ៊ីរ៉ង់​ពិបាក​និយាយ​គ្នា​បំផុត​។ ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​នៅ​ប្រទេស​នេះ​ត្រូវ​លោក​អះអាង​ថា​អាច​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត​។ នៅ​ក្នុ​ងស្ថាន​ភាព​នេះ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ក្រុម​បស្ចិម​ប្រទេស​នៅ​ក្នុង​បញ្ហា​ស្តុក​ទុក​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ប្រសិន​បើ​អាមេរិក​យល់​ព្រម​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទាំង​អស់​ដែល​កំពុង​ដាក់​ទៅ​លើ​អ៊ីរ៉ង់​៕ ប្រភព៖ ហ្វ្រង់​២៤ (France 24) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ