ខណៈដែលបងប្អូនប្រជាពលរដ្ឋជាប់ខ្សែរស្រឡាយចិន និងវៀតណាម កំពុងតែរៀបចំសែនព្រេន ដូនតា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន អាហារ និងភេសជ្ជៈនឹងសំបូរបែប ។ ដូច្នេះសូមត្រៀមខ្លួន និងមានការយល់ដឹងអំពីជំងឺមួយ គឺជំងឺលើសជាតិអាស៊ីតអ៊ុយរិកនៅក្នុងឈាម ។
ពាក់ព័ន្ធនឹងជំងឺនេះ មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស ឬអសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន ។
ប្រភពដដែលបានបន្តថា នៅពេលដែលកម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់ នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើសន្លាក់ តម្រងនោមជាដើម ។
ប្រភពដដែលបានបន្តថា ពពួកអាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា ប្រភេទសាច់ គ្រឿងក្នុងសត្វ គ្រឿងសមុទ្រជាដើម ។ សម្រាប់ភេសជ្ជៈវិញ គឺមានទាំងផ្អែម និងគ្រឿងស្រវឹង ស្របពេលដែលប្រភេទបន្លែ និងផ្លែឈើ ក៏មានសារធាតុទាំងនេះដែរ ឧទាហរណ៍ដូចជា ផ្សិត, ស្ពៃក្ដោប,ខាត់ណា, ផ្កាខាត់ណា, ទំពាំងបារាំង, និងសណ្ដែកខៀវជាដើម។ល។
នៅពេលអ្នកប្រឈមមុខនឹងជំងឺនេះ វាមានរោគសញ្ញាមួយចំនួនរួមមាន ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង ដូចជា ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ.) ជាពិសេសម្រាមមេជើង ។ ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។ល។
រូបតំណាងដោយA
ជាទូទៅជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី៥០ ឆ្នាំ ហើយ លើសពី៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ ។ ក្រៅពីនោះក៏ មានមូលហេតុដទៃទៀត ដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជា ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ ។
នៅក្នុងករណីអ្នកកើតជំងឺនេះ គ្រូពេទ្យអាចឲ្យថ្នាំ បន្ថយជាតិអាស៊ីតក្នុងឈាម ដើម្បីការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម ហើយ អ្នកប្រឈម គឺគួរ ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន, ទទួលទានទឹកតិចបំផុត២លីត្រក្នុង១ថ្ងៃ, ជៀសវាងការពិសាគ្រឿងស្រវឹង, ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។
ក្រៅពីនោះអ្នកគួរទទួលទានពពួកអាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ នំបុ័ង, ផ្លែឈើ, ទឹកដោះគោ, ស៊ុត, តែ, កាហ្វេជាដើម។ល។
ចែករំលែកព័តមាននេះ