ខេត្តកំពង់ឆ្នាំង ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជាទូទៅសារមន្ទីរជាស្ថាប័នមួយដែលមានភារកិច្ចថែរក្សា(អភិរក្ស) សមុច្ច័យជាបុរាណវត្ថុ និងរបស់របរផ្សេងៗ ដែលមានតម្លៃផ្នែកសិល្បៈ,វប្បធម៌,ប្រវត្តិសាស្ត្រ,និងវិទ្យាសាស្ត្រ ដែលត្រូវដាក់តាំងបង្ហាញដល់សាធារណជនមុនតាមរយៈពិព័រណ៍អចិន្ត្រៃយ៍ ឬពិព័រណ៍មានកាលកំណត់។ ការអភិរក្ស និងការរៀបចំទុកដាក់សមុច្ច័យវត្ថុបុរាណ និងវត្ថុសិល្បៈក្នុងសារមន្ទីរ គឺជាការសង្គ្រោះថែទាំ និងបន្តអាយុឱ្យវត្ថុនោះបានរឹងមាំ គង់វង្សយូរអង្វែងតទៅមុខទៀត។
លោក ប្រធានមន្ទីរបាន បន្ថែមទៀតថា យ៉ាងណាមិញសារមន្ទីរខេត្តកំពង់ឆ្នាំង បានថែរក្សាទុកដាក់សមុច្ច័យជាច្រើន មានជាប្រភេទថ្មភក់,លោហៈ (មាស,សំរឹទ្ធ,ប្រាក់,ស្ពាន់)កុលាលភាជន៍,ឈើ,ជ័រ,ប្រមរ,សាស្ត្រាស្លឹករឹត,និងសៀវភៅចាស់ៗ។
ក្រៅអំពីរៀបចំដាក់តាំងវត្ថុបុរាណ វត្ថុសិល្បៈ ជូនសាធារណជនបានចូលទស្សនា សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏បានអភិរក្សជាប្រចាំនូវរាល់សមុច្ច័យជាច្រើន ដែលមន្ត្រីជំនាញអាចធ្វើទៅបាន។ កិច្ចការអភិរក្សក្រៅពីជួសជុលវត្ថុបុរាណ វត្ថុសិល្បៈ មន្ត្រីជំនាញនៃសារមន្ទីរខេត្តកំពង់ឆ្នាំង បានទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញដែលមានបទពិសោធន៍ធ្វើការនៅរោងជាងនៃសារមន្ទីរជាតិកម្ពុជា ជាច្រើនលើកច្រើនសារកន្លងមក។ សំរាប់កិច្ចការអភិរក្សសមុច្ច័យក្នុងសារមន្ទីរកំពង់ឆ្នាំង មន្ត្រីបានជូតសម្អាតធូលីដី ស្នាមប្រលាក់ និងស្នឹមតិចតួច ដោយត្រឹមតែការសម្អាតស្ងួត និងសម្អាតសើមប៉ុណ្ណោះ៕










ចែករំលែកព័តមាននេះ