ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការភ័យខ្លាចមិនមែនជាជញ្ជាំងដែលមករាំងខ្ទប់ផ្លូវរបស់អ្នកឡើយ ប៉ុន្តែវាគឺជា “ទ្វារ” ដែលរង់ចាំអ្នករុញច្រានដើម្បីឈានទៅរកភាពជោគជ័យ។
ដើម្បីយកឈ្នះលើអារម្មណ៍ភ័យអរ មិនថាការនិយាយជាសាធារណៈ ឬការប្រឈមមុខនឹងបញ្ហាធំនោះទេ ការផ្លាស់ប្តូរសំណួរក្នុងចិត្តគឺជាជំហានដំបូងដ៏សំខាន់បំផុត។ ជំនួសឱ្យការសួរថា “ចុះបើខ្ញុំធ្វើខុស?” ចូរអនុវត្តសួរខ្លួនឯងវិញថា “ចុះបើខ្ញុំធ្វើបានល្អលើសពីការរំពឹងទុក?” ការប្តូរទិសដៅនៃសំណួរនេះ នឹងបង្ខំឱ្យខួរក្បាលរបស់អ្នកស្វែងរកឱកាស និងលទ្ធផលវិជ្ជមាន ជាជាងការផ្តោតលើមហន្តរាយដែលមិនទាន់កើតឡើង។
បន្ថែមពីលើការគិត ការរៀបចំខ្លួនឱ្យបានហ្មត់ចត់គឺជា “ខែលការពារ” ដ៏រឹងមាំបំផុត។ នៅពេលអ្នកមានព័ត៌មាន និងការត្រៀមលក្ខណៈលើសពីអ្វីដែលចាំបាច់ ការភ័យខ្លាចនឹងត្រូវជំនួសដោយភាពជឿជាក់លើចំណេះដឹងដែលអ្នកមានក្នុងដៃ។ ទន្ទឹមនឹងនោះ ការប្រើប្រាស់ភាសាកាយវិការតាមរយៈ “Power Pose” ឬការឈរក្នុងឥរិយាបថអង់អាច ដកដង្ហើមវែងៗ នឹងជួយឱ្យរាងកាយបញ្ចេញអ័រម៉ូនបង្កើនទំនុកចិត្តក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ កុំរង់ចាំរហូតដល់អ្នកមានអារម្មណ៍ថា “ត្រៀមខ្លួនរួចរាល់ ១០០%” ទើបចាប់ផ្តើមធ្វើសកម្មភាព ព្រោះទំនុកចិត្តពិតប្រាកដកើតចេញពីការហ៊ានបោះជំហានទាំងភ័យខ្លាច និងការរៀនសូត្រពីបទពិសោធជាក់ស្តែង។
ជាចុងក្រោយ ចូរផ្លាស់ប្តូរទំនាក់ទំនងរបស់អ្នកជាមួយការភ័យខ្លាច ដោយចាត់ទុកវាជា “សញ្ញានៃការរីកចម្រើន”។ នៅពេលអ្នកភ័យ វាមានន័យថាអ្នកកំពុងដើរចេញពីតំបន់សុខស្រួល ទៅកាន់តំបន់ថ្មីដែលផ្តល់ឱកាសឱ្យអ្នកពង្រីកសមត្ថភាព។ ការរៀនរស់នៅ និងប្រើប្រាស់ថាមពលនៃការភ័យខ្លាចមកជាកម្លាំងរុញច្រាន គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងទំនុកចិត្តប្រកបដោយនិរន្តរភាព។
ចូរប្រើប្រាស់ការនិយាយលើកទឹកចិត្តខ្លួនឯង ដើម្បីក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួនឯង ក្នុងគ្រប់ស្ថានភាពដែលអ្នកជួបប្រទះ៕
ចែករំលែកព័តមាននេះ