រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត ។ ជាក់ស្តែងនៅថ្ងៃនេះផ្លូវថ្មើរជើង បានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ថែមទៀតផង។
ការថ្លែងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ថ្លែងទៀតថា៖ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី,ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេនិងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។
ក្នុងឱកាសនោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលតាមរយៈវិស័យរ៉ែ ទៅក្នុងថវិកាជាតិ រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះឆ្នាំ២០២៥នេះទទួលបានជាង១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ ។ លោក កែវ រតនៈ លើកឡើងថា ពិពរណ៌ ផលិតផលរ៉ែ ឆ្នាំ២០២៦នេះ ត្រូវបានរៀបជំជាលើកទី១ ក្នុងន័យជំរុញឃឿនសេដ្ឋកិច្ច តាមការចង្អុលទិស ក៏ដូចជាក្នុងផែនការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដែលផ្តោតការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ជាអទិភាពខ្ពស់ ។
រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យរ៉ែ កំពុងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈវិស័យធនធានរ៉ែ ទទួលចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងចូលរួមបង្កើតការងារ ១ម៉ឺនកន្លែងដោយផ្ទាល់ ពោលគឺមានដល់៩៥% ដែលជាពលកម្មក្នុងស្រុករបស់កម្ពុជា ខណៈអ្នកជំនាញបរទេស មានប្រមាណ៥% តែប៉ុណ្ណោះ។យើងមានក្រុមហ៊ុនផលិត ស៊ីម៉ង់ត៌ចំនួន៦ក្រុមហ៊ុន ដោយបានផ្គត់ផ្គង់ក្នុងស្រុកបាន១០០%និងបាននាំចេញទៅក្រៅប្រទេសផងដែរ។
លោកកែវ រតនៈ ថ្លែងថា ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលក្នុងវិស័យរ៉ែ ចូលទៅក្នុងថវិកាជាតិ មានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះ ឆ្នាំ២០២៥នេះ គ្រាន់តែ គិតពីចំណូលសួយសារ៉ែ នេះមិនទាន់គិតចំណូលពន្ធដា ចំណូលពន្ធគយ និងអាករផ្សេងៗ ថវិកាទទួលបានជាង១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ ។
រដ្ឋមន្ត្រីរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្ត ក្នុងការសម្រួលបែបបទ ដើម្បីឱ្យវិស័យរ៉ែមានការរីកចម្រើន ៕









ចែករំលែកព័តមាននេះ