ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសបែកក្បាលដេរចំនួន៨ថ្នេរ ខណៈដែលទៅប្រាប់អ្នករស់នៅក្បែរគ្នាកំពុងលាងសម្អាតអាចម៍ជ្រូកទាំងយប់ រំខានដល់ការសម្រាកនិងការរស់នៅ ម្ចាស់ជ្រូកស្ទុះទាញដំបងឈើវាយសន្ធប់របួសក្បាល រួចក៏ប្តឹងនគរបាលជួយអន្តរាគមន៍។
ការឃាត់បុរសដៃដល់ទាញដំបងវាយអ្នកជិតខាងរបួសបែកក្បាលព្រោះតែរឿងលាងអាចម៍ជ្រូកពេលយប់ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា មុនពេលឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់យកដំបងវាយជនរងគ្រោះរស់នៅជិតខាងគ្នា នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ ឃឹម រឹម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំចំបក់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ទៅលើឈ្មោះ ស្រី ពៅ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ពីបទហិង្សាដោយចេតនា(យកដំបងវាយរងរបួសធ្ងន់)។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចរបងខាងក្រោយផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច រូបខ្លួនបានដើរទៅប្រាប់ឈ្មោះណៃ ស៉ីម៉ុន ភេទស្រី អាយុ៥៤ឆ្នាំ ដែលមានផ្ទះនៅជាប់គ្នា កុំលាងអាចម៍ជ្រូកស្មើហ្នឹង(យប់ជ្រៅហើយ)ព្រោះរំខានគេដេកពួន ដោយកំពុងឈរនៅជាប់របង ពេលនោះស្រាប់មានឈ្មោះ ស្រី ពៅ អាយុ៦៧ឆ្នាំ (ជាប្ដីរបស់ឈ្មោះ ណៃ ស៊ីម៉ុន) បានដើរមកហើយបានយកដំបងមកវាយចំក្បាលខ្លួនចំនួន០៣ដំបង បណ្ដាលឱ្យរងរបួសបែកក្បាលពីក្រោយ ហើយជនសង្ស័យដៃដល់ក៏បានដើរចូលផ្ទះបាត់ទៅ។
ក្រោយពីរងរបួសរួចហើយជនរងគ្រោះត្រូវបានប្រពន្ធដឹកបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមណ្ឌលសុខភាពចំបក់ដេរចំនួន០៨ថ្នេរ។និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ផងដែរ។
នគរបាលស្រុកភ្នំស្រួចបានបន្ថែមទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើលុះមកដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលបានហៅឈ្មោះ ស្រី ពៅ យកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានយកដំបងឈើវាយទៅលើជនរងគ្រោះប្រាកដមែន។ មូលហេតុដែលយកដំបងវាយទៅលើជនរងគ្រោះខាងលើនេះ ដោយសារតែទាស់ពាក្យសំដីរឿងលាងអាចម៍ជ្រូក។
ក្រោយឃាត់ខ្លួនបុរសជនសង្ស័យដៃដល់ខាងលើ នគរបាលស្រុកភ្នំស្រួច បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ