ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរតែទាំងស្រុង ខណៈដែលទុស្សេរអគ្គិសនីឆ្លងក្លាយទៅជាអណ្តាតភ្លើងឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងខាងត្បូងសាលាខេត្តកំពង់ស្ពឺ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលអគ្គីភ័យឆាបឆេះនោះ ម្ចាស់ផ្ទះទី-មានឈ្មោះខៀវ សំអាត ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះអ៊ុ សុខភៀង អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ផ្ទះមានទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វើអំពីឈើលើថ្មពីក្រោម ដំបូលប្រក់ស័ង្កសី ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋានចំពោះការខូចខាតផ្ទះខាងលើរួមមាន÷ សាឡុងឈើ១ឈុត, គ្រែជើងគ្រុឌ១,ទូរទឹកកក១ , ពូក៤ ,កៅអីជ័រ១០ ,ប្រាក់រៀល ២៥,០០០,០០០០ រៀល , កងដៃប្លាទីន១កង, តម្លៃ ១០០ដុល្លា,ស្រាបៀ៨០កេស ,កាតគ្រីឡាន១ សំបុត្របញ្ជាក់កំណើត ១២នាក់ ,អត្តសញ្ញណប័ណ្ណ និងសម្ភារៈមួយចំនួន ។
ចំណែកផ្ទះទី២- ម្ចាស់មានឈ្មោះ ថូ ហូរ ភេទប្រុស អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ មុំ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ផ្ទះមានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ធ្វើអំពីឈើលើថ្មពីខាងក្រោម ដំបូលប្រក់ស័ង្កសី(ឆេះផ្ទះទាំងស្រុង) រងការខូចខាតទូរឈើដាក់ខោអាវចំនួន៥គ្រឿង គ្រែចំនួន៤គ្រឿង ពួកចំនួន២ និងសម្ភារៈមួយចំនួនថែមទៀតផង ។
នគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះកំពុងតែនៅក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែឆ្លងចរន្តក្លាយជាអណ្តាតភ្លើងឆាបឆេះផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។សមត្ថកិច្ចនគរបាលជំនាញយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ រហូតដល់ម៉ោងជិត៦ព្រលប់ទើបអាចគ្រង់គ្រងស្ថានការណ៍បាននិងបានរលត់តែម្តង។
នគរបាលក្រុងច្បារមនបានបញ្ជាក់ថាចំពោះករណីខាងលើនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ។ ចំពោះមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕









ចែករំលែកព័តមាននេះ