រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ៤៤២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។
យោងតាមបណ្តាញសង្គមរបស់អគ្គនាយករដ្ឋានអន្តោរប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៤២នាក់ (ស្រី ៥៧នាក់) មាន ១៣សញ្ជាតិ រួមមាន បង់ក្លាដេស ចិន រវ៉ាន់ដា កាមេរូន ចិនតៃវ៉ាន់ យ៉ូហ្គង់ដា អាមេរិក ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាម។ ក្នុងនោះមានជនជាតិចិនចំនួន ៧១នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាម បណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែនធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕






ចែករំលែកព័តមាននេះ