ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​រកឃើញករណី​ជំងឺផ្តាសាយបក្សី លើ​បុរស​អាយុ​៣០​ឆាំ្នម្នាក់ នៅខេត្តកំពត

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសេចក្តី​ប្រកាស​ព័ត៌មាននៅថ្ងៃទី១៤ កុម្ភៈ ២០២៦នេះ​ថា​ ៖ មាន​អ្នកជំងឺផ្តាសាយបក្សី ចំនួន…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសេចក្តី​ប្រកាស​ព័ត៌មាននៅថ្ងៃទី១៤ កុម្ភៈ ២០២៦នេះ​ថា​ ៖ មាន​អ្នកជំងឺផ្តាសាយបក្សី ចំនួន ០១​ករណី កើត​លើ​បុរស​អាយុ ៣០​ឆ្នាំ ដែល​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ ហាស់​៥ អ៊ិ​ន​១ (H5N1) ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ លើ​អ្នកជំងឺ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ មាន​រិ​ទ្ធិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​រោគ​សញ្ញា គ្រុនក្តៅ ក្អក និង​ឈឺពោះ​។ ក្រោយ​មានការ​យកចិត្ត ទុកដាក់​ថែទាំ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ អ្នកជំងឺ​បានជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះនៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦​។ តាម​ការ​សាកសួរ​បង្ហាញ​ថា នៅផ្ទះ​អ្នកជំងឺ​មាន​មាន់​ងាប់ រួច​យក​មក​ធ្វើ​ម្ហូប ៣​ថ្ងៃមុន អ្នកជំងឺ​ចាប់ផ្ដើម​ឈឺ​ ។

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ​ជាមួយ ក្រុមការងារ ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ស្វែងរក ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្គូ ​(Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​ ។

ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្ត ទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្ដាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ​យើង ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន ប្រសិនបើ​មាន​អាកា​រៈ​ក្ដៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម​មាន រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ​។

របៀប​ចម្លង​៖ ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ​ឬ​ងាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន​អាច​ឆ្លង ដូចនឹង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាលផង​ដែរ ​។

របៀប​បង្ការ​៖
-កុំ​ប៉ះពាល់ ឬ​ទទួលទាន មាន់​ទា​ឈឺ ឬ​ងាប់ និង​ពាក់​ស្រោមដៃ និង​ម៉ាស ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូបអាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​បោច​សម្អាត​រោម ។

-ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ មុន​ចាប់​កាន់​ចំណីអាហារ ជា​ពិសេស បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោមសត្វ​ប​សុ​បក្សី ឬ​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​ចម្លងរោគ ។

-ត្រូវ​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ ជា​ពិសេស​សាច់ សត្វ​បក្សី និង​ស៊ុត​។ កុំ​ទទួលទាន ពងមាន់ ឬ​ពង​ទា​ជ័រ​ព្នៅ និង​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា សម្អាត​សម្ភារ​ប្រើប្រាស់ សម្រាប់​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ត្រឹមត្រូវ​។

-ប្រសិនបើ​មាន​មាន់​ទា​ឈឺ​ឬ​ងាប់​ច្រើន​នៅផ្ទះ​ឬ​ក្នុងភូមិ ហើយ​មាន​អាកា​រៈ​ក្ដៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម សូម​ប្រញាប់​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ ស្លាប់​ជាយថាហេតុ​ ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​ថែរក្សា​សុខភាព តាម​របៀប​បង្ការ​ខាងលើ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥត​គិតថ្លៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ