ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​ការងារ ​នាំ​យក​ឱកាស​ការងារ​ជាង​ ៣​ពាន់​កន្លែង និង​អត្ថប្រយោជន៍ ប​.​ស​.​ស​. ផ្សព្វផ្សាយ​ជូន​​ពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ

31 វិនាទី មុន

ខេត្តក្រចេះ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ​នេះ…

ខេត្តក្រចេះ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ​នេះ បាន​រៀបចំ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​បរិវេណ​សាលាស្រុក​ស្នួល ខេត្តក្រចេះ ដោយ​បាន​នាំ​យក​ឱកាស​ការងារ​សរុប​ចំនួន ២ ៨០៦​កន្លែង ពី​បណ្តា​រោងចក្រ សហគ្រាស​ចំនួន​៥ ផ្តល់​ជូន​ដោយ​ផ្ទាល់​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ ។

សូម​ជម្រាប​ថា វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​នៅ​ទូ​ទាំង​ប្រទេស ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» ដែល​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ក្នុងស្រុក​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ អ្នក​ស្វែងរក​ការងារ ក៏​ដូច​ជា​យុវជន​ដែល​ត្រូវការ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ការងារ គឺជា​ជីវិត ហើយ​ការ​ជ្រើសរើស​ការងារ​ក្នុងស្រុក គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ដែល​ប្រកបដោយ​សុវត្ថិភាព សុខុមាលភាព ទទួល​បានការ​គាំពារ​ពី​រាជរដ្ឋាភិបាល ការ​គោរព​សិទ្ធិ ការ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ គ្មាន​ការ​រើសអើង បាន​នៅ​ជិត​ក្រុម​គ្រួសារ ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​មក​ស្រុក​កំណើត​ជាដើម ពោល​គឺ​ប្រសើរ​ជាង​ការងារ​នៅ​ក្រៅប្រទេស​ដែល​ទទួល​ប្រាក់​ចំណូល​ប្រហាក់ប្រហែល​គ្នា​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា ក្រៅពី​ទទួល​បានការ​ងារ​ធ្វើ បងប្អូន​កម្មករនិយោជិត​នឹង​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​របស់ ប​.​ស​.​ស​. ដោយ​ឥត​គិតថ្លៃ ហើយ​ប្រសិនបើ​មាន​គ្រោះថ្នាក់​ការងារ ពលរដ្ឋ​ដែល​ជា​សមាជិក ប​.​ស​.​ស​. នឹង​ទទួល​បានការ​ការពារ​និង​តាវកាលិក​ពី ប​.​ស​.​ស​.​។ ម្យ៉ាងទៀត ក៏​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅ​ពេល​ចាស់ជរា សម្រាប់​ធានា​ប្រាក់​ចំណូល​ដូច​មន្ត្រីរាជការ​ដែរ​។

បន្ថែម​លើ​នេះ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET 1.5M) ដែល​ជា​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​កសាង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រឹង​មាំ​។ ឯកឧត្តម បាន​បន្ថែម​ថា បើ​គិត​ពី​ស្រុក​ស្នួល​នេះ​ទៅ សាលា​បណ្ដុះបណ្ដាល​ជំនាញ TVET ដែល​នៅ​ជិត​បំផុត ហើយ​ចំណុះ​ក្រោម​ក្រសួង គឺ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ឦសាន ស្ថិត​នៅ​ទីរួមខេត្ត​ក្រចេះ (​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ ០៩៧ ៧៥២ ៣៣៤៦)​។

សូម​បញ្ជាក់​ថា សហគ្រាស រោងចក្រ ទាំង​៥ ដែល​ប្រកាស​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នា​វេទិកា​ការងារ​នេះ រួម​មាន​៖ ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, ក្រុមហ៊ុន អ៊ី​ស​ធើ​ន រ៉ាប់​ប៊ឺ រ (​ខេ​ម​បូ​ឌា​), ក្រុមហ៊ុន ភូ​រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ​, ក្រុមហ៊ុន ដូ​វ​ទឺ​សាយ​ហ្គ​ន ប៊ិ​ញ​ហ្វឿ​ក (​អេស ប៊ី ខេ​) និង​ក្រុមហ៊ុន ហ្វា​យ​អឺ​ម៉ា​ក់ស៍ (​ខេ​ម​បូ​ឌា​) ថា​យ​អឺរ ឯ​.​ក​។ ក្រៅពី​នេះ ក៏​មាន​ក្រុមហ៊ុន​ជ្រើសរើស​កម្លាំង​ពលកម្ម​ក្រៅប្រទេស​ផង​ដែរ គឺ​ក្រុមហ៊ុន មង្គល អេ​ច​អ (​ជ្រើសរើស​ទៅ​ប្រទេស​ជប៉ុន​) ៕ អត្ថបទសហការ