ខេត្តប៉ៃលិន ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើកបរម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ លុះជនជាតិចិនបើកបរក្នុងល្បឿនលឿន ក៏បុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលដួលបោកក្បាលទៅនឹងផ្លូវជាតិស្លាប់តែម្តង។ ទន្ទឹមនឹងនេះ ស្ត្រីជាប្រពន្ធបានបីកូនតូច នៅនឹងដៃ មកទ្រហោរយំសោកស្តាយយ៉ាងខ្លាំង គួរឱ្យអាសូរ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើដងផ្លូវជាតិលេខ៥៧ ខណៈបើកបរទិសដៅផ្ទុយគ្នា ត្រង់បង្គោលគីឡូម៉ែត្រលេខ ១០២-១០៣ នៅចំណុចភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តនេះ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់ ខូចខាតម៉ូតូកម្រិតធ្ងន់ ០១គ្រឿង និងរថយន្តកម្រិកស្រាល ០១គ្រឿង ។
ប្រភពដដែល បានបន្តទៀតថា ភាគីរថយន្ត ឈ្មោះ ហ្ស៊ី ជាកុង (XIE JIACONG) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្មានរបួស ដោយបើកបររថយន្តម៉ាក តូយ៉ូតាអាល់ហ្វាត (toyota alphard) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW- 8558 ខូចខាតស្រាល ។
ចំណែកភាគីម៉ូតូ មានឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុងភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GB-3843 ម៉ូតូខូចខាតធ្ងន់ (អ្នកបើកបរពាក់មួកសុវត្តិភាព) ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុនេះ បណ្ដាលមកពីកត្តាមនុស្ស បើកបរម៉ូតូក្នុងល្បឿនលឿន លើផ្លូវបញ្ច្រាសទិស ទៅបុកជាមួយនឹងរថយន្ត ដែលកំពុងបើកបរត្រឹមត្រូវតាមទិសចរាចរណ៍ ពេញទំហឹងបណ្ដាលឱ្យរងរបួស បែកក្បាល និងបែកតម្រង់នោមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ និងរថយន្ត ត្រូវបានគេយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ