ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះ​ជិះ​ក​ឯង ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​បញ្ចាំ​យក​លុយ​លេងល្បែងអនឡាញ​ចាញ់​អស់ ប្រឌិត​រឿង​ថា​ចោរប្លន់

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ពិតជា​ចំណេះ​ជិះ​ក​ឯង​មែន បុរស​ម្នាក់​បាន​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា​ ជិះ​ដោយ​កុហក​ថា ​ទៅ​មើល​បងប្អូន​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​មក​ ក៏​ជិះ​យក​ទៅ​ដាក់បញ្ចាំ ​អស់​២​គ្រឿង ​យក​លុយ​លេងល្បែង​​ជល់មាន់អន​ឡាញ​តាម​ទូរសព្ទ​ដៃ​ចាញ់​អស់…

រាជធានី​ភ្នំពេញ ​៖ ពិតជា​ចំណេះ​ជិះ​ក​ឯង​មែន បុរស​ម្នាក់​បាន​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា​ ជិះ​ដោយ​កុហក​ថា ​ទៅ​មើល​បងប្អូន​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​មក​ ក៏​ជិះ​យក​ទៅ​ដាក់បញ្ចាំ ​អស់​២​គ្រឿង ​យក​លុយ​លេងល្បែង​​ជល់មាន់អន​ឡាញ​តាម​ទូរសព្ទ​ដៃ​ចាញ់​អស់ រួច​ប្រឌិត​រឿង​ថា ​ត្រូវ​ចោរប្លន់។ ពេល​នោះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ព្រមទាំង​ហៅ​ទៅ​សួរនាំ​ដេញដោល​តាម​ជំនាញ រហូត​បុរស​នេះ​លាក់បាំង​លែង​ជិត ​ក៏​ប្រាប់​ការ​ពិត​ដល់​នគរបាល និង​ត្រូវ​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​ បាន​កើតឡើងកាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នោះ​ឈ្មោះ​ ហឿ​ន ម៉ា​ន អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ដោ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

នគរ​បាន​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ជនសង្ស័យ​រូប​នេះ ​បាន​ខ្ចី​ម៉ូតូ ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1A-7527 ។ ពី​បុរស​ម្នាក់​ឈ្មោះ​ មាស មូល អាយុ​៤៦​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​អូរ​ជ្រៃ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បច្ចុប្បន្ន​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​ចំការ​ព្រីង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ដោយ​កុហក​ថា ខ្ចី​ជិះ​ទៅ​មើល​បងប្អូន​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់​មក​ ក៏​ជិះ​យក​ទៅ​ដាក់បញ្ចាំ ​បាន​ប្រាក់​ចំនួន​៤៥០​ដុល្លារ រួច​យក​ទៅ​លេងល្បែង​មាន់​អន​ឡាញ​តាម​ទូរសព្ទ ​ចាញ់​អស់​គ្មាន​សល់ ។

នគរបាល ​បាន​ប្រាប់​បន្ត​ថា ក្រោយមក​ម្ចាស់​ម៉ូតូ​ បាន​ខ​ល​រក​ឲ្យ​យក​ម៉ូតូ​ឲ្យ​វិញ ​ហើយ​ជនសង្ស័យ​ឈ្មោះ​ ហឿ​ន ម៉ា​ន បាន​រក​លេស​កុហក​រហូត ព្រោះតែ​ខ្លួន​បាន​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​បាត់​ហើយ បន្ទាប់​មក​គ្មាន​ពាក្យដោះសារ​ជាមួយ​ម្ចាស់​ម៉ូតូ​តទៅ​ទៀត ជន​នោះ​ក៏​បាន​បិទ​ទូរសព្ទ​ចោល​លែង​ឲ្យ​ម្ចាស់​ម៉ូតូ​ខ​ល​ចូល​បាន​ឡើយ។ រហូត​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ជនសង្ស័យ​ខាងលើ ក៏​ប្រឌិត​រឿង​ថា ខណៈ​ខ្លួន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​ខ្ចី​ពី​ជន​រង​គ្រោះ​ឈ្មោះ​មាស មូល នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​នោះ​ទៅ​បាត់​ហើយ ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ​ជនសង្ស័យ​ បាន​ហៅ​អ្នក​សារព័ត៌មាន ​ទៅ​ថត​ឡាយ​នៅ​កន្លែង ដែល​រូបគេ​អះអាង​ថា​ ត្រូវ​ចោរប្លន់​នោះ​ទៀត​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់។ ពេល​នោះ​ លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ទាំង​យប់ និង​បាន​ហៅ​ជន​នោះ ​ទៅ​សួរនាំ​ដេញដោល​តាម​ជំនាញ រហូត​ជនសង្ស័យ​រូប​នេះ ​លាក់បាំង​រឿងប្រឌិត​លែង​ជិត ក៏​ប្រាប់​ការ​ពិត​ទាំងអស់ ​ដល់​នគរបាល ។

នគរបាល​ដដែល ​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា មិនតែប៉ុណ្ណោះ​ ក្រោយ​ពេល​សួរនាំ​ចុះឡើង​ៗ ក៏​ធ្លាយ​រឿង​ ១​ករណី​ទៀត គឺ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នោះ ជនសង្ស័យ​ក៏​បាន​ខ្ចី​ម៉ូតូ​គេ​ ១​គ្រឿង​ទៀត​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៍​ខ្មៅ លាយ​ក្រហម ស៊េរី​ឆ្នាំ​២០១៧ មិន​ចាំ​ស្លាក​លេខ​ទៅ​ដាក់បញ្ចាំ​ បាន​ប្រាក់​ចំនួន​ ១,១០០,០០០​រៀល (​មួយ​លាន​ដប់​ម៉ឺន​រៀល​) រួច​យក​ទៅ​លេងល្បែង​មាន់​អន​ឡាញ​ចាញ់​អស់​ទៀត ។ ប៉ុន្តែ​នៅ​ពុំ​ទាន់​រក​ម្ចាស់​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​នោះ​ ឃើញ​នៅឡើយ​ទេ ហើយ​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ខាងលើ​នោះ​ហើយ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ឃាត់ខ្លួន​ជន​នេះ បន្ទាប់​មក​ប្រគល់​ទៅ​ឲ្យ​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ នាំ​យក​ទៅ​ចាត់ការ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

នៅ​ពេល​នោះ​ ជនសង្ស័យ​ក៏​បាន​លើ​ដៃ​សំពះសុំទោស​នគរបាល និង​មហាជន​ទូទៅ​ ព្រមទាំង​និយាយ​ផ្ដាំផ្ញើផង​ដែរ​ថា កុំ​ឲ្យ​លេងល្បែង​ជល់មាន់​តាម​អន​ឡាញ​ដូច​ជា​រូប​ខ្លួន ព្រោះ​លេង​មិន​ឈ្នះ​នោះ​ទេ ក្រុម​អ្នកគ្រប់គ្រង​ល្បែង​អន​ឡាញ​នោះ​ឲ្យ​យើង​ឈ្នះ​ តែ​ដំបូង​១​ដង ឬ​២​ដង​ប៉ុណ្ណោះ ក្រោយមក​ពួក​គេ ​មិន​ឲ្យ​យើង​ឈ្នះ​ឡើយ ទោះ​មាន​ប្រាក់​ប៉ុន្មាន​ក៏ចាញ់​អស់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ