រាជធានីភ្នំពេញ ៖ កម្ពុជា -កាណាដា បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាជាថ្មី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន។ នេះបើយោងតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជានិងក្រសួងការបរទេសកាណាដា។

ក្រសួងការបទេសកម្ពុជាបានលើកឡើងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អាឡិន បូមែន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានីនៃក្រសួងការបរទេសកាណាដា បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដាលើកទី២ ប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញ ។
ភាគីទាំងពីរបានគូសបញ្ជាក់សារសំខាន់នៃយន្តការពិគ្រោះយោបល់នេះ ហើយបានរំលឹកលទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ឡើងវិញ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយបានកត់សម្គាល់វឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីពេល នោះមក ។
ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាជាថ្មី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈពេលដែលកំពុងស្វែងរកកាលានុវត្តភាពថ្មីៗលើសក្តានុពលដែលមិនទាន់បានប្រើប្រាស់ ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួន និងបានពិភាក្សាវិធីផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ការដោះមីន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ និងវិស័យផ្សេងៗដទៃទៀត ដែលមានផលប្រយោជន៍រួម ។
កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រគ្នា នៅក្នុងក្របខណ្ឌពហុភាគី ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹង បេក្ខភាពនៅក្នុងវេទិកាអង្គការអន្តរជាតិ។
ឯកឧត្តម អាឡិន បូមែន បានសម្តែង ប្រទេសកាណាដាគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ នេះ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដា និងបានបញ្ជាក់ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់កាណាដាមកកាន់កិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ រួមគ្នា ដូចជាព័ត៌មានថ្មីៗអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីរបស់ភាគី ទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ក៏ដូចជាការ គោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើមូលដ្ឋានច្បាប់។
កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសកាណាដា បានឆ្លុះបញ្ចាំងពីមិត្តភាពយ៉ាងរឹងមាំ និងភាពជាដៃគូជិតស្និទ្ធរវាងប្រទេសទាំងពីរ ៕

ចែករំលែកព័តមាននេះ