ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ វេរ មេបញ្ជាការរង សហការជាមួយកងកម្លាំងកងពលតូចលេខ70 ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការបង្ក្រាបបទល្មើសហ៊ុមសម្រាស់មួយកន្លែងនៅចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាដែលក្រុមជនល្មើសកំពុងធ្វើសកម្មភាពហ៊ុសម្រាស់ចាប់ត្រីដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រោយការចាប់ឃាត់បទល្មើសហ៊ុមសម្រាស់ខាងលើ គឺបានឃាត់ខ្លួនមនុស្សចំនួន១០ នាក់ កាណូតបាឡាស្មាច់ចំនួន4គ្រឿង ម៉ាស៊ីនខ្យល់ចំនួន១គ្រឿង និងសាច់អួនប្រវែង45 ម៉ែត្រ។
លោកបានបន្តថា នៅល្ងាចថ្ងៃដដែល មុនពេលបញ្ជូនជនសង្ស័យទៅមន្ត្រីជំនាញជលផល រូបលោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ការដាក់សម្រាស់ និងបទល្មើសនេសាទផ្សេងៗទៀត ។ បន្ទាប់មក បានបញ្ជូនជនសង្ស័យទាំង10នាក់ទៅខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការតាមនិតិវិធីបន្ត។

ជុំវិញករណីនេះ លោកតាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលស្ដីទី ភ្នាក់ងារយើងពុំអាចទំនាក់ទំនងបានទេ ព្រោះទូរសព្ទចូលពុំមានអ្នកលើក ។ យ៉ាងនេះក្តី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ នេះ ថា ចំពោះវត្ថុតាងត្រូវបានខាងយោធារក្សាទុក ចំណែកមនុស្សបានប្រគល់ឲ្យខណ្ឌរដ្ឋបាលជលផលអប់រំ និងបានឲ្យត្រឡប់ទៅផ្ទះវិញហើយ ។





ចែករំលែកព័តមាននេះ