ទីក្រុងហ្សេរុយសាឡិម៖ កងទ័ពជើងទឹកអ៊ីស្រាអែលបានបើកសមយុទ្ធយោធាដ៏ធំមួយ ដែលរួមមានការប្រើប្រាស់នាវាមុជទឹក និងកងកម្លាំងពិសេស Shayetet 13 ដើម្បីត្រៀមលក្ខណៈការពារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗ ដូចជាស្ថានីយបូមហ្គាស និងកំពង់ផែពីការវាយប្រហារផ្សេងៗ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។
ប្រតិបត្តិការបង្កើនការប្រុងប្រយ័ត្ននេះធ្វើឡើងចំពេលដែលភាពតានតឹងជាមួយអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធក្នុងតំបន់កំពុងឡើងកម្ដៅខ្លាំង ដែលនាំឱ្យមានការព្រួយបារម្ភពីការប៉ុនប៉ងលួចជ្រៀតចូល ឬការប្រើប្រាស់នាវាស៊ីវិលដើម្បីធ្វើភេរវកម្មលើសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ។ សមយុទ្ធនេះមិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្រុមអរិភាពថា អ៊ីស្រាអែលនឹងមិនបណ្ដោយឱ្យមានការរំខានណាមួយដល់សន្តិសុខថាមពល និងច្រកពាណិជ្ជកម្មតាមផ្លូវសមុទ្រមេឌីទែរ៉ាណេរបស់ខ្លួនឡើយ៕
ចែករំលែកព័តមាននេះ