រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូនៅអែបសួនពុះចែកទ្រូងផ្លូវ ក៏មានរថយន្តដឹកទូកុងតឺន័រ ១គ្រឿង បើកស្របគ្នាទៅពីក្រោយ ហើយជែងពីខាងស្ដាំគាត់ លុះពេលរថយន្តនោះទៅដល់ទន្ទឹម គាត់បានភ្ញាក់ហើយទំនងចាប់ហ្វ្រាំងប្រថុចញ៉ុច ក៏បណ្ដាលឲ្យដួលម៉ូតូខ្ទាតគាត់ចូលក្រោមកង់ក្រោយរថយន្តនោះ កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតស្ពានអាកាសមហាវិថីស៊ី ជីនពីង ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដល់ស្លាប់បាត់បង់ជីវិតខាងលើនោះឈ្មោះ មិន ពៅ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមបុរសម្នាក់ដែលបានឃើញហេតុការណ៍នោះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសរងគ្រោះជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ភីស៊ីអ៊ិច (Honda PCX) ពណ៍ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HT-7088 ។ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយជិះយឺតៗអែបក្បែរសួនពុះចែកទ្រូងផ្លូវ ស្របពេលនោះ មានរថយន្តដឹកទូកុងតឺន័រ ១គ្រឿង បើកស្របគ្នាទៅពីក្រោយ ក្នុងល្បឿនយឺតដែរទៅពីក្រោយជែងគាត់ពីខាងស្ដាំ ។
បុរសនោះបាននិយាយបន្តទៀតថា លុះពេលរថយន្តខាងលើទៅដល់ទន្ទឹម ស្រាប់តែបុរសរងគ្រោះភ្ញាក់ ហើយទំនងគាត់ចាប់ហ្វ្រាំងប្រថុចញ៉ុចពេក ក៏បណ្ដាលឲ្យដួលម៉ូតូខ្ទាតគាត់ចូលក្រោមកង់ក្រោយរថយន្តកុងតឺន័រនោះ កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ចំណែកម៉ូតូបានប៉ើងខ្ទាតជាច្រើនម៉ែត្រ ហើយគាត់មិនបានចាំម៉ាករថយន្តកុងតឺន័រនោះទេ ប៉ុន្តែចាំថា ពណ៍លឿងចាស់ ហើយពេលនោះរូបគាត់មិនហ៊ានដេញតាមឃាត់រថយន្តនោះទេ គឺបានត្រឹមតែឈរមើលទាំងស្រឡាំងកាំងប៉ុណ្ណោះ បន្ទាប់មករថយន្តនោះបានបើកគេចទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុនគរបាលខណ្ឌដង្កោបានចុះទៅកាន់ទីនោះស្វែងរកឆែកកាមេរ៉ាសុវត្ថិភាពជិតកន្លែងកើតហេតុ ដើម្បីមើលភិនភាគនិងតាមឃាត់រថយន្តកុងតឺន័រនោះ មកដោះស្រាយតាមច្បាប់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ