ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌ ៖ យុវជន​មួយ​ចំនួនកុំ​យល់​ខុស​ពី​ថ្ងៃនៃ​សេចក្តី​ស្រឡាញ់ ១៤​កុម្ភៈ ប្រព្រឹត្ត​មិន​គប្បីប៉ះពាល់​ដល់​តម្លៃ​ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ

2 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​មួយ​កុំឱ្យ​យុវជន​មួយ​ចំនួន យល់​ខុស​ពី​ថ្ងៃ នៃ​សេចក្តី​ស្រឡាញ់ ១៤​កុម្ភៈ និង​ប្រព្រឹត្ត​មិន​គប្បី ដល់​តម្លៃ​ប្រពៃណី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​មួយ​កុំឱ្យ​យុវជន​មួយ​ចំនួន យល់​ខុស​ពី​ថ្ងៃ នៃ​សេចក្តី​ស្រឡាញ់ ១៤​កុម្ភៈ និង​ប្រព្រឹត្ត​មិន​គប្បី ដល់​តម្លៃ​ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ ។

ក្នុង​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ ឆ្នាំ​២០២៥ ក្រសួង​វប្បធម៌ បាន​បញ្ជាក់​ថា ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​និយម​ហៅ​ថា ទិវា​នៃ​ក្តី​ស្រឡាញ់ បាន​និង​កំពុង​ជះ​ឥទ្ធិពល ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន ដោយ​បាន​ប្រើប្រាស់​ទិវា​នេះ ជា​ឱកាស​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា ដើម្បី​បង្ហាញ​នូវ​មនោសញ្ចេតនា​ស្រឡាញ់​ដឹងគុណ​ចំពោះ​មាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី​-​ប្រពន្ធ មិត្តភក្តិ ជាដើម ។​ល​។ ប្រកបដោយ​ភាព​ថ្លៃថ្នូរ​គួរ​ជាទី​គោរព និង​កោតសរសើរ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ យុវជន​មួយ​ចំនួន​តូច នៅ​តែ​បន្ត​យល់​ខុស​ពី​អត្ថន័យ នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ដោយ​ប្រព្រឹត្ត​សកម្មភាព​ខុសឆ្គង​មួយ​ចំនួន ដែល​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បុគ្គល​ខ្លួនឯង​ផ្ទាល់​ផង និង​ដល់​តម្លៃ​ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ ផង​ដែរ ។

ក្រសួង​វប្បធម៌ យល់​ឃើញ​ថា ការ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ឫសគល់ និង​ប្រភព នៃ​ទិវា​នេះ គឺជា​ភាព​ចាំបាច់ ដើម្បី​ចៀសវាង​ការ​អនុវត្ត​ខុស និង​ការ​បង្ក​នូវ​រូបភាព និង​បរិយាកាស​សង្គម​ថ្មី ដែល​ខុស​ពី​ចរិតលក្ខណៈ​ដើម នៃ​សង្គម​កម្ពុជា​យើង ជា​ពិសេស​សកម្មភាព​ជ្រួលជ្រើម​ហួសហេតុ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ សីលធម៌​សង្គម កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ដល់​បុគ្គល​ខ្លួនឯង និង​អ្នក​ដទៃ ព្រមទាំង​សកម្មភាព​ទាំងឡាយ​ដោយ​បង្ក​ផល​ប៉ះពាល់​រយៈពេល​វែង​ដល់​អនាគត នៃ​បុគ្គល​ខ្លួនឯង​ផ្ទាល់ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​យុវជន សូម​ចូលរួម​ផ្សព្វផ្សាយ អប់រំ ពន្យល់​ណែនាំ ក្រើនរំឭក​ដល់​បងប្អូន កូនចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ​ឱ្យ​ក្លាយជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​មនោសញ្ចេតនា និង​កាយវិការ ចែករំលែក​នូវ​ក្តី​ស្រឡាញ់​ប្រកបដោយ​ភាព​ថ្លៃថ្នូរ ស្មោះសរ​បរិសុទ្ធ ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ជា​អាទិ៍​៖ ក្រុម​គ្រួសារ ឪពុក​ម្តាយ ប្តី​ប្រពន្ធ កូនចៅ ញាតិ​មិត្ត និង​កាយវិការ​ចែករំលែក​ទៅ​ដល់ ជន​ពិការ កុមារ​កំព្រា និង​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ផ្សេង​ទៀត ក្រោម​រូបភាព សរសេរ​លិខិត​ជូនពរ ការ​ជូនអំណោយ​ផ្សេង​ៗ ការ​សំណេះសំណាល ឬ​ការ​ទទួលទាន​អាហារ​រួម​គ្នា ដោយ​ក្តី​សោមនស្ស​រីករាយ ស្រប​តាម​គន្លង​ប្រពៃណី​ដ៏ ល្អ​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន របស់​ក្រុម​គ្រួសារ​ខ្លួន ពិសេស​រួមចំណែក​ថែរក្សា បាន​នូវ​អត្តសញ្ញាណ​ជាតិ ដែល​កូន​ខ្មែរ​គ្រប់​ៗ​រូប​មាន​កាតព្វកិច្ច​ថែរក្សា និង​ការពារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ