ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន អះអាង​ពីរ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ដំណោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​ប្រកបដោយ​ភាព​អ​ព្យា​ក្រឹត្យ

8 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​សម្តែង​ការ​អបអរសាទរ​ប្រទេស​ហ្វី​លី​ពី​ន ​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​សម្តែង​ការ​អបអរសាទរ​ប្រទេស​ហ្វី​លី​ពី​ន ​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​ឆ្នាំ​២០២៦ និង​បាន​បង្ហាញ​ជំនឿ​ថា តាម​រយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន​នៅ​ពេល​នេះ ពិតជា​បាន​នាំ​មក​នូវ​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ​។

ឯកឧត្តម​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការ​នៃ​កងទ័ព​ហ្វី​លី​ពី​ន នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ​ឆ្នាំ​២០២៦ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ ។

ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​ហ្វី​លី​ពី​ន ​មក​ចូលរួម​ក្នុង​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន​អាស៊ាន​ (IOT) ក៏​ដូច​ជា​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ពេល​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដឹកនាំ​ការ​អនុ​វត្តបទ​ឈប់​បាញ់ ជា​ពិសេស​ឆន្ទៈ​មុត​ស្រួច​របស់​នាយ​ឧត្តមសេនីយ៍ ក្នុង​ការ​បន្ត​បេសកកម្ម​ពី​ម៉ា​ឡេ​ស៊ី ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នេះ ដែល​កំពុង​មាន​ភាព​ផុយ​ស្រួយ ​។

ឯកឧត្តម បាន​ជំរាប​ជូន​ពី​ស្ថានភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ទាំង​អំឡុង​ក្រោយ​ពេល​ឈប់​បាញ់​ លើក​ទី​១ និង​លើក​ទី​២ និង​ជំហរ​របស់​កម្ពុជា ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា​ ដែល​មាន​ស្រាប់ តាម​ច្បាប់​អន្តរជាតិ​ ។

ឯកឧត្តម បាន​ស្នើ​ដល់​អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន បន្ត​ជួយ​សម្របសម្រួល​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​កសាង​ទំនុកចិត្ត​គ្នា​ឡើង​វិញ បន្ត​ពង្រឹង​តួនាទី​ក្រុម​សង្កេតការណ៍​អាស៊ាន​ក្នុង​ការ​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព តាម​សេចក្តី​ប្រកាស​រួម ​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០២៥​។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Romeo S. Brawner Jr បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្ដល់​បទ​បង្ហាញ​យ៉ាង​លម្អិត​ពាក់ព័ន្ធ​ស្ថានភាព​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើ​ឱ្យ​ឯកឧត្តម​បាន​យល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ពិតជា​ច្រើន​ ។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា អ្នកដឹកនាំ (AOT) គឺ​មាន​តួនាទី​សំខាន់ និង​ទទួលខុសត្រូវ​ខ្ពស់ ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ពិនិត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន ដើម្បី​បង្ហាញ​ដល់​ភាគី​ទាំង​ពីរ​សុំ​ការ​យល់​ស្រប ហើយ​ភាគី​ហ្វី​លី​ពី​ន​នឹង​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​នេះ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ធានា​ឲ្យ​បាន​នូវ​ភាព​អព្យាក្រឹត​ ។

តាម​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នៅ​ថ្ងៃ​ទី ១៣​កុម្ភៈ ស្អែក​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Romeo S Brawner Jr នឹង​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រុម ( AOT) ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ