សហរដ្ឋអាមេរិក ៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានបោះឆ្នោតលុបចោលពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) លើទំនិញរបស់ប្រទេសកាណាដា។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងការបោះឆ្នោត ២១៩ ទល់នឹង ២១១ សំឡេង សមាជិកសភាសាធារណរដ្ឋចំនួន៦រូប ក៏បានចូលរួមជាមួយអ្នកប្រជាធិបតេយ្យ ដើម្បីគាំទ្រសេចក្តីសម្រេចមួយ ស្វែងរកការបញ្ចប់ពន្ធគយដែលលោកប្រធានាធិបតី ត្រាំ បានដាក់លើទំនិញកាណាដា កាលពីឆ្នាំមុន។ ការបោះឆ្នោតនេះភាគច្រើនជានិមិត្តរូបនៅឡើយ ព្រោះនៅតែឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាអាមេរិក ហើយបន្ទាប់មកត្រូវបានអនុម័តដោយលោក ត្រាំ ផ្ទាល់ ដែលនោះទំនងជាលោកមិនចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់នោះទេ។
ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីឡើងវិញ លោក ត្រាំ បានដាក់ពន្ធជាបន្តបន្ទាប់លើប្រទេសកាណាដា ដោយថ្មីៗនេះ ថែមទាំងបានគំរាមកំហែងយកពន្ធនាំចូល ១០០% ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានស្នើឡើងរបស់កាណាដាជាមួយប្រទេសចិន។
ខណៈពេលដែលការបោះឆ្នោតកំពុងធ្វើឡើងនៅសភាតំណាងរាស្ត្រ លោក ត្រាំ ឯណោះវិញ ក៏បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដូច្នេះថា «សាធារណរដ្ឋណាក៏ដោយ នៅក្នុងសភាតំណាងរាស្ត្រ ឬព្រឹទ្ធសភា ដែលបោះឆ្នោតប្រឆាំងពន្ធគយនឹងទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរនៅពេលបោះឆ្នោត»។ លោកបានបន្ថែមថា «ពន្ធគយបានផ្តល់ឱ្យយើងនូវសេដ្ឋកិច្ច និងសន្តិសុខជាតិ ហើយគ្មានអ្នកសាធារណរដ្ឋណាម្នាក់ គួរទទួលខុសត្រូវចំពោះការបំផ្លាញឯកសិទ្ធិនេះទេ»។
ដោយឡែកពីគ្នា ពន្ធគយរបស់លោក ត្រាំ ក៏កំពុងតែប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកច្បាប់ផងដែរ ខណៈពេលដែលតុលាការកំពូលសហរដ្ឋអាមេរិកគ្រោងនឹងសម្រេចនៅក្នុងពេលឆាប់ៗលើសំណុំរឿងមួយ ដែលសួរអំពីសិទ្ធិអំណាចផ្នែកច្បាប់របស់ប្រធានាធិបតីនៅក្នុងការដាក់ពន្ធគយ។
លោក Gregory Meeks សមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យក្នុងគណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកបានលើកឡើងថា លោក ត្រាំ បានដាក់ពន្ធជាអាវុធប្រឆាំងនឹងសម្ព័ន្ធមិត្ត និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព។ លោកថា វិធានការលើប្រទេសកាណាដា គឺជាសេចក្តីព្រាងច្បាប់ដំបូងគេក្នុងចំណោមសេចក្តីព្រាងច្បាប់ជាច្រើនដែលលោកមានគម្រោងលើកឡើង គោលបំណងកាត់បន្ថយសកម្មភាពពាណិជ្ជកម្មដ៏សំខាន់របស់លោក ត្រាំ ពាក់ព័ន្ធនឹងពន្ធគយ៕ ប្រភព ៖ BBC


ចែករំលែកព័តមាននេះ