រាជធានីភ្នំពេញ ៖ បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ(អាជ្ញាធរខណ្ឌទាំង១៤) ត្រូវបោសសម្អាតមេ Scammer ឱ្យអស់ពីក្នុងមូលដ្ឋាន។ នេះជាការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នាព្រឹកថ្ងៃទី១១ កុម្ភៈ ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) អស់ពីក្នុងមូលដ្ឋាន ដាច់ខាតយើងត្រូវសម្អាតមេ Scammer ឱ្យអស់។ បើមិនអស់ទេ វានឹងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះ ត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅរាជធានីភ្នំពេញ ឱ្យអស់ត្រឹម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ។
អភិបាលរាជធានីបានបញ្ជាក់ច្បាស់ថា ពេលនេះ ជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែន មានន័យថា យើងបោះចោលការងារផ្សេង មកធ្វើតែរឿងនេះមួយនោះទេ ដូចនេះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវធ្វេសប្រហែស ដាច់ខាត។ ក្នុងនាមអាជ្ញាធរ ត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំង ដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួន ឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាង ៕



ចែករំលែកព័តមាននេះ