រាជធានីភ្នំពេញ ៖ ជនជាតិចិន ដែលបើកទ្វាររថយន្ត បាញ់ប្រហារទៅលើនារីម្នាក់ ដែលគេអះអាងថា ស្រីស្នេហ៍ ដែលកំពុងហៅរថយន្តតាក់ស៊ីជិះជាមួយប្រុសផ្សេង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមឃាត់ខ្លួនដល់ខេត្តព្រះសីហនុ និងដករហូតបានកាំភ្លើងខ្លី ម៉ាក K៥៩ មួយដើម ដែលជនសង្ស័យយកទៅផ្លុងចោរនៅក្នុងកន្ត្រកសំរាម ។
ជនសង្ស័យរូបនោះឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែន ហើយធ្វើតេស្ត មានសារធាតុញៀន ។
តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០១នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធ បណ្តាលឲ្យស្ត្រី០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩និង៤៨នាទី មានករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសស្ត្រីរងគ្រោះ ០១នាក់ នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែល ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០១នាក់ នៅចំណុចសណ្ឋាគារ DV ផ្លូវ ២ធ្នូ ភូមិ៤ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូត វត្ថុតាងចាប់យក: អាវុធខ្លី ម៉ាកK៥៩ ចំនួន០១ដើម ដែលជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែង ក្បែរកន្លែងកើតហេតុ, ទូរសព្ទម៉ាក់ IPHONE ចំនួន០៣គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន០១សន្លឹក ។ ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណឡើយ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ពុំអាចសួរនាំបាន ។
គួរបញ្ជាក់ថា ការប៉ុនប៉ងធ្វើឃាតនេះ បានកើតឡើងនៅវេលាម៉ោង១៩ និង៤៨នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្នុងរថយន្តនៅលើចិញ្ចើមផ្លូវ ក្រសួងការបរទេស មុខអាគារ The Peak សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដោយជនដៃដល់ មានតែម្នាក់ឯង ប្រដាប់ដោយកាំភ្លើងខ្លី បានបើកទ្វាររថយន្តបាញ់ទៅលើនារីម្នាក់ ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ខ្លួនកំពុងជិះរថយន្តតាក់ស៊ី ជាមួយប្រុសផ្សេង ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះទាំង២នាក់ បានចេញពីក្នុងអាគារ The Peak ចូលទៅក្នុងរថយន្តតាក់ស៊ីដោយអង្គុយស៊ីកៅអីខាងក្រោយ ស្រាប់តែជនសង្ស័យបានរត់មកបើកទ្វារ ចូលទៅក្នុងរថយន្តជាមួយជនរងគ្រោះ រួចក៏បាញ់១គ្រាប់ ទៅលើនារី បណ្ដាលឲ្យរបួសពោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
តាមការបំភ្លឺ ឈ្មោះ ហ៊ុយ ចន្ទ្រា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៩ និង៤០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះបានបុកឃីងរថយន្តឲ្យទៅយកនៅខាងមុខអាគារ The Peak នៅពេលទៅដល់ ជនរងគ្រោះចំនួន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានចូលក្នុងរថយន្ត ស្រាប់តែមានប្រុសម្នាក់ទៀត បានបើកទ្វារចូលមកអង្គុយជាមួយជនរងគ្រោះ និងដកកាំភ្លើងខ្លី ចេញពីចង្កេះ បាញ់១គ្រាប់ រួចបើកទ្វាររថយន្តគេចបាត់ ។
ព័ត៌មានឱ្យដឹងទៀតថា ទាក់ទិនការផ្ទុះអាវុធនេះ គឺដោយសារគំនុំស្នេហាត្រីកោណ ដែលកន្លងមក ជនរងគ្រោះ និងជនដៃដល់ មានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅ។ លុះក្រោយមក ក៏មានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេងទៀត នៅពេល ដែលពួកគេទាំងពីរ ហៅរថយន្តជិះ។ ជនសង្ស័យបើកទ្វាររថយន្តបាញ់តែម្ដង។ ទោះបីជាយ៉ាងណា បន្ទាប់ពីធ្វើសកម្មភាពហើយ គេចខ្លួនទៅខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕










ចែករំលែកព័តមាននេះ