ទីក្រុងបាងកក៖ គណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃកំពុងរងសម្ពាធពីបទគ្មានតម្លាភាពនៅក្នុងការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលជាងដប់កន្លែង។ បន្ទាប់ពីមណ្ឌលបោះឆ្នោតបិទទ្វារលែងទទួលសន្លឹកឆ្នោតនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យ សាធារណជនចាប់ផ្ដើមផ្សព្វផ្សាយអំពីភាពមិនប្រក្រតីនៅលើបណ្ដាញសង្គម។ ពេលខ្លះ សន្លឹកឆ្នោតរាប់នៅក្នុងសភាពងងឹតសូន្យ។

ពេលខ្លះ សន្លឹកឆ្នោតដែលគូសបានយ៉ាងត្រឹមត្រូវបែរជាត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ និងពេលខ្លះមានភាពខុសគ្នារវាងតួលេខដែលកត់ត្រានៅមណ្ឌលបោះឆ្នោត និងតួលេខរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលផ្សព្វផ្សាយតាមអនឡាញ។ គណបក្សប្រជាជនប្រកាសទទួលស្គាល់លទ្ធផលឆ្នោតដោយអស់ចិត្ត។ ប៉ុន្តែគណបក្សនេះស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតចំនួន១៨។

គណបក្សភឿថៃគាំទ្រឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅទីតាំងដែលគួរឱ្យសង្ស័យ។ ចំណែកគណបក្សរួមថៃសាងជាតិអំពាវនាវឱ្យរាប់សន្លឹកឆ្នោតទូទាំងប្រទេស។ បេក្ខជនអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនម្នាក់ថ្លែងថាបើគណៈកម្មការរៀបចំការបោះឆ្នោតមិនបានធ្វើអ្វីខុសឆ្គងទេ ខ្លាចអីនឹងរាប់សន្លឹកឆ្នោតឡើងវិញ? ទោះបីរាប់ប៉ុន្មានដងក៏ដោយក៏លទ្ធផលចេញមកដូចគ្នាជានិច្ច។

សាធារណជននឹងបាត់បង់ការជឿទុកចិត្ត
រហូតមកដល់ពេលនេះ សន្លឹកឆ្នោតជិត៩៥%ត្រូវបានរាប់ចប់សព្វគ្រប់។ លទ្ធផលឆ្នោតបង្ហាញថាគណបក្សភូមិចៃថៃទទួលបាន១៩៣អាសនៈ។ លទ្ធផលនេះមិនទាន់ប្រកាសជាផ្លូវការទេ។ អតីតនាយករដ្ឋមន្ត្រីថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យ លោកអភិសិទ្ធិ វិចាជីវ៉ា ថ្លែងប្រាប់អ្នកសារព័ត៌មានថាបើគ្មានការបង្ហាញតម្លាភាពជាប្រញាប់ទេ សាធារណជននឹងបាត់បង់ការជឿទុកចិត្ត។

គណៈកម្មការរៀបចំការបោះឆ្នោតថ្លែងថាខ្លួនបានទទួលពាក្យបណ្ដឹងជាផ្លូវការចំនួន១១៣ករណី។ ខ្លួនបានដោះស្រាយបណ្ដឹងទាំងអស់មិនឱ្យខ្វះចន្លោះចំណុចណាមួយទេ។ បើសិនមានភាពមិនប្រក្រតីកើតឡើងនៅមណ្ឌលបោះឆ្នោតណាមួយ អ្នកអាចដាក់ពាក្យប្ដឹងបាន។ ខាងលើនេះជាការអះអាងរបស់អគ្គលេខាធិការរងគណៈកម្មការរៀបចំការបោះឆ្នោត។ យើងចង់ធានាថាការបោះឆ្នោតលើកនេះប្រព្រឹត្តទៅដោយយុត្តិធម៌៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ